យោងតាមការចុះផ្សាយពីប្រភពបរទេស មនុស្សជាច្រើនចង់សម្រកទម្ងន់ ប៉ុន្តែតែងមានចម្ងល់ថា តើគួរហាត់ប្រាណនៅពេលព្រឹក ពេលរសៀល ឬពេលល្ងាច ទើបល្អជាង? តាមការសិក្សាមួយចំនួន ការហាត់ប្រាណនៅពេលព្រឹកប្រហែលពីម៉ោង ៧ដល់៩ អាចមានប្រយោជន៍សម្រាប់ការគ្រប់គ្រងទម្ងន់។ ប៉ុន្តែវាមិនមែនមានន័យថា អ្នកត្រូវតែហាត់នៅពេលនេះទេ ព្រោះអ្វីដែលសំខាន់ជាងគេ គឺការហាត់ឱ្យបានទៀងទាត់។
ការហាត់ប្រាណនៅពេលព្រឹក អាចជួយឱ្យមនុស្សខ្លះប្រើថាមពលពីខ្លាញ់បានច្រើនជាងមុន ជាពិសេសនៅពេលហាត់មុនអាហារពេលព្រឹក។ ការសិក្សាតូចមួយបានរកឃើញថា អ្នកដែលហាត់មុនញ៉ាំអាហារពេលព្រឹក អាចប្រើខ្លាញ់ជាថាមពលបានច្រើនជាងអ្នកដែលហាត់ក្រោយញ៉ាំអាហារ។ ទោះយ៉ាងណា ការសិក្សានេះមានអ្នកចូលរួមតិច ដូច្នេះមិនអាចសន្និដ្ឋានថា មនុស្សគ្រប់គ្នានឹងទទួលបានលទ្ធផលដូចគ្នាទេ។
ម្យ៉ាងទៀត ការហាត់ពេលព្រឹកអាចធ្វើឱ្យងាយរក្សាទម្លាប់ ព្រោះមិនទាន់មានការងារ ឬកិច្ចការផ្សេងៗមករំខាន។ មនុស្សខ្លះក៏មានអារម្មណ៍ស្រស់ស្រាយ និងមានកម្លាំងចិត្តល្អជាងមុនក្រោយហាត់ប្រាណ ហើយការចេញទៅក្រៅទទួលពន្លឺថ្ងៃនៅពេលព្រឹក ក៏អាចជួយឱ្យការគេងនៅពេលយប់កាន់តែល្អ។ ទាំងនេះអាចជួយឱ្យយើងងាយរក្សាទម្លាប់ល្អបានយូរ។
ទោះជាយ៉ាងណា អ្នកមិនសូវមានពេលព្រឹក ក៏មិនមានបញ្ហាដែរ។ អាចជ្រើសរើសហាត់នៅពេលរសៀល ឬពេលល្ងាចតាមពេលទំនេររបស់ខ្លួន។ ប្រភពបានបញ្ជាក់ថា ពេលវេលាដែលល្អបំផុត គឺពេលដែលអ្នកអាចធ្វើបានជាប្រចាំ និងមិនធ្វើឱ្យបោះបង់ចោលនៅពាក់កណ្តាលផ្លូវ។ មនុស្សមួយចំនួនអាចមានកម្លាំងល្អជាងនៅពេលរសៀល ហើយអាចហាត់បានល្អជាងពេលព្រឹកផងដែរ។
សរុបមក មិនមានពេលណាមួយដែលល្អបំផុតសម្រាប់មនុស្សគ្រប់គ្នាឡើយ។ ប្រសិនបើអ្នកអាចហាត់នៅពេលព្រឹកបានជាប្រចាំ នោះជាជម្រើសល្អមួយ ប៉ុន្តែពេលរសៀល ឬពេលល្ងាចក៏អាចសមដែរ។ អ្វីដែលសំខាន់ គឺហាត់ប្រាណឱ្យបានទៀងទាត់ ញ៉ាំអាហារឱ្យសមរម្យ និងរក្សារបៀបរស់នៅល្អ ដើម្បីជួយសម្រកទម្ងន់បានល្អជាងការផ្តោតតែលើម៉ោងហាត់ប្រាណ៕