ក្រពះគឺជាសរីរាង្គដ៏សំខាន់មួយក្នុងប្រព័ន្ធរំលាយអាហារ ប៉ុន្តែវាក៏ងាយរងការខូចខាតខ្លាំងផងដែរពីទម្លាប់រស់នៅប្រចាំថ្ងៃរបស់យើង ។ មនុស្សជាច្រើនតែងតែជួបបញ្ហាចុកពោះ ភើជូរ ឬរលាកក្រពះ ដោយមិនបានចាប់អារម្មណ៍ថា វាបណ្តាលមកពីសកម្មភាពតូចតាចដែលធ្វើជាទៀងទាត់នោះទេ។
ទម្លាប់ប្រចាំថ្ងៃទាំង ៦ ដែលបំផ្លាញសុខភាពក្រពះ
១. ការរំលងអាហារ ឬញ៉ាំអាហារមិនទៀងទាត់
នៅពេលដល់ម៉ោងញ៉ាំអាហារ ក្រពះនឹងបញ្ចេញអាស៊ីតអ៊ីដ្រូក្លរិច (Hydrochloric Acid) ដើម្បីរំលាយអាហារ ។ ប្រសិនបើគ្មានអាហារក្នុងក្រពះទេ អាស៊ីតទាំងនោះនឹងចាប់ផ្តើមស៊ីកោសិកាស្រទាប់ក្នុងនៃក្រពះ ដែលបណ្តាលឱ្យរលាក និងកើតជាដំបៅក្រពះនៅពេលខាងមុខ ។
២. ការញ៉ាំអាហារលឿនពេក ឬទំពារមិនបានល្អិត
ការទំពារអាហារលឿនៗធ្វើឱ្យក្រពះត្រូវប្រឹងធ្វើការធ្ងន់ធ្ងរជាងមុនក្នុងការកិនរំលាយ។ លើសពីនេះ ការទំពារមិនល្អិតក៏ធ្វើឱ្យខ្យល់ចូលទៅក្នុងក្រពះច្រើន ដែលបង្កឱ្យមានអាក្រក់ណែនពោះ ភើ និងប្រព័ន្ធរំលាយអាហារដំណើរការយឺត។
៣. ការញ៉ាំអាហារយប់ជ្រៅ រួចចូលគេងភ្លាមៗ
ការចូលគេងភ្លាមៗបន្ទាប់ពីញ៉ាំអាហាររួច (ជាពិសេសក្នុងរង្វង់ ២ ទៅ ៣ ម៉ោង) ធ្វើឱ្យអាស៊ីតក្រពះងាយស្រួលច្រាលឡើងមកតាមបំពង់អាហារ (Acid Reflux)។ វាបង្កឱ្យមានអារម្មណ៍ក្តៅក្រហល់ក្រហាយទ្រូង ភើជូរ និងប៉ះពាល់ដល់ស្រទាប់ការពារនៃក្រពះយ៉ាងធ្ងន់ធ្ងរ។
៤. ការពិសាកាហ្វេ ឬតែពេលពោះទទេ
សារធាតុខាហ្វេអ៊ីន (Caffeine) ស្ទើរតែទាំងអស់ជំរុញឱ្យក្រពះបញ្ចេញអាស៊ីតកាន់តែច្រើន។ ការពិសាកាហ្វេនៅពេលព្រឹមព្រលឹមដោយមិនទាន់បានញ៉ាំអ្វីសោះ នឹងធ្វើឱ្យអាស៊ីតកើនឡើងខ្ពស់ និងបំផ្លាញភ្នាសសើមការពារជញ្ជាំងក្រពះ។
៥. ការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ញឹកញាប់ពេក
ថ្នាំបំបាត់ការឈឺចាប់ក្នុងក្រុម NSAIDs (ដូចជា Ibuprofen, Aspirin ឬ Naproxen) មានប្រសិទ្ធភាពកាត់បន្ថយការរលាក ប៉ុន្តែវាក៏បង្អាក់ការផលិតសារធាតុដែលការពារជញ្ជាំងក្រពះផងដែរ។ ការប្រើប្រាស់ថ្នាំទាំងនេះដោយគ្មានការណែនាំពីគ្រូពេទ្យ ឬប្រើពេលពោះទទេ គឺជាមូលហេតុចម្បងនៃដំបៅក្រពះ។
៦. កម្រិតស្ត្រេសខ្ពស់ និងការគេងមិនគ្រប់គ្រាន់
អារម្មណ៍តានតឹង (Stress) និងការអត់ងងុយ ប៉ះពាល់ដោយផ្ទាល់ដល់ប្រព័ន្ធសរសៃប្រសាទដែលគ្រប់គ្រងពោះវៀន និងក្រពះ។ វានាំឱ្យលំហូរឈាមទៅកាន់ក្រពះថយចុះ ការផលិតសារធាតុការពារក្រពះធ្លាក់ចុះ និងធ្វើឱ្យអាស៊ីតក្រពះកើនឡើងខុសធម្មតា។