យោងតាមការចុះផ្សាយពីប្រភពបរទេស បុរសគួរយកចិត្តទុកដាក់លើសុខភាពក្រពេញប្រូស្តាតជាប្រចាំ មិនគួររង់ចាំរហូតដល់មានបញ្ហាដូចជា នោមញឹក នោមពេលយប់ ឬនោមពិបាក ទើបចាប់ផ្តើមថែទាំ។ អាហារដែលទទួលទានប្រចាំថ្ងៃ អាចជាផ្នែកមួយនៃការថែសុខភាពទូទៅ និងសុខភាពក្រពេញប្រូស្តាត។
អាហារដំបូងគឺ ប៉េងប៉ោះ ឪឡឹកក្រហម និងផ្លែត្របែកសាច់ក្រហម ដែលមានសារធាតុ lycopene។ ប្រភពបានលើកឡើងថា សារធាតុនេះមានលក្ខណៈជួយប្រឆាំងនឹងការខូចខាតកោសិកា ហើយការចម្អិនប៉េងប៉ោះអាចជួយឱ្យរាងកាយស្រូបយកសារធាតុនេះបានល្អជាងមុន។ បន្ទាប់មកគឺ ល្ពៅ និងគ្រាប់ល្ពៅ ដែលមានសារធាតុស័ង្កសី ដែលរាងកាយត្រូវការសម្រាប់ការធ្វើការធម្មតា និងមានទំនាក់ទំនងជាមួយមុខងារក្រពេញប្រូស្តាត។
អាហារទី៣គឺ បន្លែពណ៌បៃតងចាស់ និងបន្លែត្រកូលស្ពៃ ដូចជា ប្រូខូលី ស្ពៃ និងស្ពៃក្តោប។ បន្លែទាំងនេះមានវីតាមីន និងសារធាតុពីរុក្ខជាតិ ដែលអាចជួយការពារកោសិកា និងគាំទ្រសុខភាពទូទៅ។ អាហារទី៤គឺ ផលិតផលពីសណ្តែកសៀង ដូចជា តៅហ៊ូ ទឹកសណ្តែក និងសណ្តែកខៀវដែលមានសារធាតុពីរុក្ខជាតិដែលត្រូវបានសិក្សាពាក់ព័ន្ធនឹងដំណើរការរលាក និងការធ្វើការរបស់អ័រម៉ូនក្នុងរាងកាយ។
អាហារទី៥គឺ ត្រីដែលមានអូមេហ្គា-៣ ដូចជា ត្រីសាល់ម៉ុន ត្រីម៉ាកឺរែល ត្រីធូណា និងត្រីសាឌីន។ សារធាតុនេះមានតួនាទីពាក់ព័ន្ធនឹងដំណើរការរលាកក្នុងរាងកាយ និងជួយគាំទ្រសុខភាពបេះដូង និងសរសៃឈាម។ ទោះជាយ៉ាងណា គួរទទួលទានអាហារឱ្យបានចម្រុះ មិនគួរពឹងផ្អែកលើអាហារមុខណាមួយតែមួយឡើយ។
ក្រៅពីអាហារ ការថែសុខភាពក្រពេញប្រូស្តាតគួរភ្ជាប់ជាមួយការហាត់ប្រាណជាប្រចាំ រក្សាទម្ងន់ឱ្យសមរម្យ សម្រាកឱ្យគ្រប់គ្រាន់ និងកាត់បន្ថយអាហារខ្លាញ់ខ្ពស់ អាហារចៀន សាច់ក្រហមមានខ្លាញ់ អាហារហឹរ និងគ្រឿងស្រវឹង។ ប្រសិនបើមានរោគសញ្ញាដូចជា នោមញឹក នោមពេលយប់ នោមយឺត នោមមិនអស់ នោមពិបាក ឬមានឈាមក្នុងទឹកនោម គួរទៅពិនិត្យជាមួយគ្រូពេទ្យ ដើម្បីស្វែងរកមូលហេតុឱ្យបានច្បាស់៕