យោងតាមការចុះផ្សាយពីប្រភពបរទេស សម្ពាធឈាមខ្ពស់ គឺជាបញ្ហាសុខភាពដែលមនុស្សជាច្រើនជួបប្រទះ ហើយការញ៉ាំអាហារឱ្យបានត្រឹមត្រូវ គឺជាផ្នែកមួយសំខាន់ក្នុងការគ្រប់គ្រងវា។ ក្នុងរបបអាហារប្រចាំថ្ងៃ មានសារធាតុចិញ្ចឹមមួយចំនួនដែលគួរទទួលឱ្យបានគ្រប់គ្រាន់ ដើម្បីគាំទ្រដល់ការធ្វើការរបស់បេះដូង និងសរសៃឈាម។
សារធាតុទី១ គឺ ប៉ូតាស្យូម ដែលអាចជួយរក្សាតុល្យភាពជាតិប្រៃក្នុងរាងកាយ និងគាំទ្រការធ្វើការរបស់បេះដូង។ វាមាននៅក្នុងចេក ក្រូច ដំឡូង ប៉េងប៉ោះ បន្លែ និងសណ្តែក។ សារធាតុទី២ គឺ ម៉ាញេស្យូម ដែលជួយឱ្យសាច់ដុំ និងសរសៃឈាមធ្វើការបានល្អ ហើយអាចរកបានពីបន្លែស្លឹកបៃតង សណ្តែក និងគ្រាប់ធញ្ញជាតិ។
សារធាតុទី៣ គឺ កាល់ស្យូម ដែលមាននៅក្នុងទឹកដោះគោ ផលិតផលពីទឹកដោះគោ ត្រីមួយចំនួន និងបន្លែស្លឹកបៃតង។ សារធាតុទី៤ គឺ វីតាមីន E ដែលមាននៅក្នុងគ្រាប់ធញ្ញជាតិ បន្លែ និងប្រេងបន្លែមួយចំនួន។ រីឯ វីតាមីន C ដែលជាសារធាតុទី៥ មានច្រើនក្នុងផ្លែក្រូច ត្របែក ប៉េងប៉ោះ និងបន្លែផ្លែឈើស្រស់។
សារធាតុទី៦ គឺ វីតាមីន D ដែលរាងកាយអាចទទួលបានពីពន្លឺថ្ងៃ និងអាហារមួយចំនួន ដូចជា ត្រីខ្លាញ់ និងផលិតផលដែលបានបន្ថែមវីតាមីន D។ ទោះជាយ៉ាងណា ការទទួលសារធាតុចិញ្ចឹមទាំងនេះគ្រប់គ្រាន់ មិនមានន័យថាអាចព្យាបាលសម្ពាធឈាមខ្ពស់ដោយខ្លួនឯងបានទេ ហើយមិនគួរឈប់ថ្នាំដែលគ្រូពេទ្យបានណែនាំឡើយ។
អ្វីដែលសំខាន់ គឺគួរ កាត់បន្ថយអាហារប្រៃ អាហារកែច្នៃ និងភេសជ្ជៈផ្អែម បន្ថែមបន្លែ និងផ្លែឈើ ធ្វើចលនាជាប្រចាំ និងគ្រប់គ្រងទម្ងន់។ អ្នកដែលមានសម្ពាធឈាមខ្ពស់ ឬមានបញ្ហាតម្រងនោម គួរពិគ្រោះអ្នកជំនាញសុខភាព មុនពេលបង្កើនការទទួលប៉ូតាស្យូម ឬប្រើថ្នាំបន្ថែម៕