ថ្លើមគឺជាសរីរាង្គដ៏សំខាន់បំផុតមួយក្នុងរាងកាយ ដែលមានតួនាទីជា «រោងចក្រចម្រោះជាតិពុល» បំប្លែងអាហារ និងកម្ទេចកាកសំណល់ផ្សេងៗ។ ប៉ុន្តែនៅពេលដែលជាតិពុលកើនឡើងលើសកម្រិត (ដោយសារការញ៉ាំអាហារមិនល្អ ស្រា ឬស្ត្រេស) ថ្លើមនឹងចាប់ផ្តើមចុះខ្សោយ និងបញ្ជូនសញ្ញាប្រកាសអាសន្នមកកាន់រាងកាយ។
ខាងក្រោមនេះជារោគសញ្ញាសំខាន់ៗទាំង ៦ ដែលបញ្ជាក់ថាថ្លើមរបស់អ្នកកំពុងប្រឈមនឹងការផ្ទុកជាតិពុលខ្លាំង៖
១. អស់កម្លាំង និងល្ហិតល្ហៃរ៉ាំរ៉ៃ
ទោះបីជាអ្នកគេងលក់ស្ងប់ និងគ្រប់គ្រាន់យ៉ាងណាក៏ដោយ ក៏នៅតែមានអារម្មណ៍ថាគ្មានកម្លាំងកំហែង។ នៅពេលថ្លើមចុះខ្សោយ ការបំប្លែងអាហារទៅជាថាមពលត្រូវរអាក់រអួល ហើយជាតិពុលដែលសល់ក្នុងឈាមនឹងធ្វើឱ្យខួរក្បាល និងសាច់ដុំឆាប់ល្វើយ។
២. ស្បែក និងភ្នែកចាប់ផ្តើមឡើងលឿង
នេះជារោគសញ្ញាច្បាស់បំផុតនៃបញ្ហាថ្លើម។ វាបណ្តាលមកពីការកើនឡើងនៃសារធាតុ Bilirubin (សារធាតុពណ៌លឿងដែលកើតចេញពីការបំបែកកោសិកាឈាមក្រហមចាស់ៗ) នៅក្នុងឈាម ដោយសារថ្លើមមិនអាចចម្រោះ និងបញ្ចេញវាចោលបានទាន់ពេលវេលា។
៣. មានបញ្ហាប្រព័ន្ធរំលាយអាហារ (អាហារមិនរំលាយ និងចង្អោរ)
ថ្លើមមានតួនាទីផលិត ទឹកប្រមាត់ ដើម្បីជួយរំលាយជាតិខ្លាញ់។ ប្រសិនបើថ្លើមមានជាតិពុលច្រើន ការផលិតទឹកប្រមាត់នឹងថយចុះ ដែលបង្កឱ្យអ្នកមានអាការៈ៖
-ឆាប់ភើ ស្ពោតពោះ ឬហើមពោះបន្ទាប់ពីញ៉ាំអាហាររួច
-ធុញអាហារ ឬចង់ក្អួតចង្អោរពេលឃើញអាហារមានជាតិខ្លាញ់
៤. ស្បែកខូច និងឡើងមុនខុសធម្មតា
នៅពេលថ្លើមមិនអាចចម្រោះជាតិពុលចេញតាមប្រព័ន្ធរំលាយអាហារបានពេញលេញ រាងកាយនឹងព្យាយាមបញ្ចេញជាតិពុលទាំងនោះតាមរយៈ ស្បែក។ វាបង្កឱ្យស្បែកស្ងួត រមាស់ខុសធម្មតា ឡើងកន្ទួល ឬឡើងមុនរ៉ាំរ៉ៃដែលពិបាកព្យាបាល។
៥. ទឹកនោមមានពណ៌ក្រម៉ៅ និងលាមកមានពណ៌ស្លេក
–ទឹកនោម៖ មានពណ៌លឿងទុំ ឬត្នោតក្រម៉ៅ (ទោះបីជាអ្នកផឹកទឹកច្រើនហើយក៏ដោយ) ដោយសារមានជាតិ Bilirubin ប៉ះពាល់។
–លាមក៖ ប្រែជាពណ៌ស្លេក ឬពណ៌ដីឥដ្ឋ ដោយសារតែកង្វះទឹកប្រមាត់ក្នុងការរំលាយអាហារ។
៦. ហើមជើង ឬហើមពោះ
នៅពេលមុខងារថ្លើមធ្លាក់ចុះខ្លាំង វាអាចបង្កឱ្យមានការកើនឡើងសម្ពាធឈាមក្នុងសរសៃឈាមថ្លើម (Portal Hypertension) និងការថយចុះនៃប្រូតេអ៊ីន Albumin ក្នុងឈាម។ កត្តានេះធ្វើឱ្យមានការកើនឡើងនៃជាតិទឹកនៅតំបន់ពោះ (ទឹករលាក់ពោះ) ឬហើមនៅត្រង់ប្រអប់ជើង និងកជើង។
+វិធីជួយសម្អាត និងស្តារសុខភាពថ្លើមឡើងវិញ៖
កាត់បន្ថយបន្ទុកថ្លើម៖ ចៀសវាងការញ៉ាំគ្រឿងស្រវឹង អាហារបំពងមានជាតិខ្លាញ់ជ្រុល អាហារកែច្នៃ និងការប្រើប្រាស់ថ្នាំផ្តេសផ្តាសដោយគ្មានវេជ្ជបញ្ជា។
បន្ថែមបន្លែផ្លែឈើ៖ ញ៉ាំបន្លែបៃតងចាស់ (ដូចជា ផ្កាខាត់ណាខៀវ ឬត្រកួន) ខ្ទឹមស ក្រូចឆ្មារ និងផ្លែប៊ឺ ដែលមានសារធាតុប្រឆាំងអុកស៊ីតកម្មជួយថ្លើម។
–ផឹកទឹកឱ្យបានច្រើន៖ ផឹកទឹកស្អាត ២ ទៅ ២,៥ លីត្រក្នុងមួយថ្ងៃ ដើម្បីជួយតម្រងនោម និងថ្លើមក្នុងការបណ្តេញជាតិពុល។