យោងតាមការចុះផ្សាយពីប្រភពបរទេស នំព្រះខែ និងតែ គឺជាគូដែលមនុស្សជាច្រើនតែងតែញ៉ាំជាមួយគ្នា នៅពេលបុណ្យសែនព្រះខែ។ មូលហេតុសាមញ្ញមួយ គឺតែអាចជួយកាត់អារម្មណ៍ផ្អែម និងខ្លាញ់របស់នំ ធ្វើឱ្យការញ៉ាំកាន់តែងាយស្រួល និងមានរសជាតិឆ្ងាញ់។
តាមទម្លាប់បុរាណ ការញ៉ាំនំព្រះខែជាមួយតែ ក៏ត្រូវបានចាត់ទុកថាជាវិធីធ្វើឱ្យរសជាតិមានតុល្យភាព។ នំព្រះខែភាគច្រើនមានរសជាតិផ្អែម និងសម្បូរដោយប្រេង ឬខ្លាញ់ ខណៈតែមានរសជាតិចត់ស្រាល ដូច្នេះការផឹកតែអាចធ្វើឱ្យមាត់មានអារម្មណ៍ស្រស់ស្រាយជាងមុន។
ប៉ុន្តែមានការយល់ឃើញថា ផឹកតែចត់ក្រោយញ៉ាំនំព្រះខែ អាចជួយ «កាត់ជាតិស្ករ» ដែលបានញ៉ាំចូលទៅក្នុងរាងកាយ។ ការយល់ឃើញនេះមិនគួរយកមកជំនួសការគ្រប់គ្រងអាហារឡើយ។ តែមួយពែងមិនអាចលុប ឬបន្សាបជាតិស្ករពីនំព្រះខែបានភ្លាមៗទេ ហើយការសិក្សាដែលមាននៅឡើយក៏មិនគាំទ្រឱ្យចាត់ទុកតែជាវិធីព្យាបាលជាតិស្ករក្នុងឈាមដែរ។
ដូច្នេះ អ្នកដែលចូលចិត្តញ៉ាំនំព្រះខែជាមួយតែ អាចបន្តទម្លាប់នេះបាន ប៉ុន្តែគួរជ្រើសតែដែលមិនសូវមានស្ករ។ សម្រាប់អ្នកដែលត្រូវប្រុងប្រយ័ត្នជាតិស្ករក្នុងឈាម ក៏មិនគួរពឹងលើតែ ឬភេសជ្ជៈបែបប្រពៃណី ដើម្បីបន្សាបផលប៉ះពាល់ពីនោះឡើយ។
អ្វីដែលសំខាន់ជាងគេ គឺ កំណត់បរិមាណនំព្រះខែឱ្យសមរម្យ និងគិតបញ្ចូលវាទៅក្នុងអាហារសរុបប្រចាំថ្ងៃ។ អាចកាត់នំជាចំណែកតូចៗ ញ៉ាំបន្តិចម្តងៗ និងជៀសវាងការញ៉ាំជាមួយភេសជ្ជៈផ្អែម ឬបង្អែមជាច្រើនមុខក្នុងពេលតែមួយ។ ដូច្នេះ តែអាចជួយកាត់រសជាតិផ្អែមបាន ប៉ុន្តែ មិនមែនជាវិធីកាត់ជាតិស្ករនៅក្នុងរាងកាយទេ៕