យោងតាមការចុះផ្សាយពីប្រភពបរទេស ទឹកមានសារៈសំខាន់សម្រាប់រាងកាយ ព្រោះជួយបំពេញមុខងារជាច្រើន ដូចជា បញ្ចេញកាកសំណល់ រក្សាសីតុណ្ហភាពរាងកាយ និងជួយឱ្យប្រព័ន្ធផ្សេងៗដំណើរការបានល្អ។ ដូច្នេះ នៅពេលផឹកទឹកមិនគ្រប់ រាងកាយអាចបង្ហាញសញ្ញាផ្សេងៗដែលមនុស្សជាច្រើនមើលរំលង។
ទី១ អាចឃ្លានជាងធម្មតា និងទី២ អាចឈឺក្បាល។ ពេលរាងកាយខ្វះទឹក មនុស្សមួយចំនួនអាចយល់ច្រឡំថាជាឃ្លាន ហើយចង់ញ៉ាំអាហារច្រើនជាងមុន។ ការខ្វះទឹកក៏អាចជាមូលហេតុមួយនៃការឈឺក្បាលផងដែរ ដូច្នេះគួរផឹកទឹកជាប្រចាំក្នុងថ្ងៃ មិនគួររង់ចាំរហូតដល់ស្រេកខ្លាំងទើបផឹក។
ទី៣ អាចបណ្តាលឱ្យទល់លាមក និងទី៤ អាចធ្វើឱ្យមានអារម្មណ៍ហត់ ឬស្រក់កម្លាំង។ នៅពេលមានទឹកគ្រប់គ្រាន់ វាជួយឱ្យអាហារ និងកាកសំណល់ធ្វើដំណើរឆ្លងកាត់ពោះវៀនបានល្អ។ បើផឹកទឹកតិច លាមកអាចស្ងួត និងរឹង។ ចំណែកការខ្វះទឹកក៏អាចធ្វើឱ្យរាងកាយមានអារម្មណ៍នឿយហត់ និងមិនសូវស្រស់ស្រាយ។
ទី៥ ការខ្វះទឹកអាចបង្កើនហានិភ័យបញ្ហាពាក់ព័ន្ធនឹងកម្ដៅ ជាពិសេសនៅពេលអាកាសធាតុក្តៅ ឬធ្វើការហាត់ប្រាណ។ រាងកាយត្រូវការទឹកដើម្បីបញ្ចេញកម្ដៅតាមការបែកញើស។ ដូច្នេះ អ្នកដែលនៅកន្លែងក្តៅ ឬធ្វើសកម្មភាពច្រើន គួរយកចិត្តទុកដាក់លើការផឹកទឹកឱ្យបានទៀងទាត់។
ទី៦ អាចធ្វើឱ្យពិបាកផ្តោតអារម្មណ៍ និងទី៧ បេះដូងអាចលោតលឿនជាងធម្មតា នៅពេលរាងកាយខ្វះទឹកខ្លាំង។ ខួរក្បាលត្រូវការទឹកដើម្បីដំណើរការបានល្អ ខណៈការខ្វះទឹកអាចធ្វើឱ្យបេះដូងត្រូវធ្វើការខ្លាំងជាងមុន។ ប្រសិនបើមានអាការៈវិលមុខ ច្របូកច្របល់ បេះដូងលោតលឿនខ្លាំង ឬសន្លប់ គួររកជំនួយវេជ្ជសាស្ត្រភ្លាមៗ។
សរុបមក កុំរង់ចាំដល់ស្រេកខ្លាំងទើបផឹកទឹក។ គួរផឹកទឹកជាបន្តបន្ទាប់តាមតម្រូវការរបស់រាងកាយ និងបរិយាកាស ហើយអាចទទួលជាតិទឹកពីភេសជ្ជៈ និងអាហារមួយចំនួនដែលមានទឹកច្រើនផងដែរ។ ការផឹកទឹកគ្រប់គ្រាន់ជាទម្លាប់សាមញ្ញមួយដែលអាចជួយឱ្យរាងកាយដំណើរការបានល្អ និងរក្សាសុខភាពប្រចាំថ្ងៃ៕