យោងតាមការចុះផ្សាយពីប្រភពបរទេស ថ្លើមមានតួនាទីសំខាន់ក្នុងការកែច្នៃអាហារ និងជួយរាងកាយបំពេញមុខងារជាច្រើន។ ក្រៅពីការប្រុងប្រយ័ត្នចំពោះស្រា និងភេសជ្ជៈមានជាតិអាល់កុល របបអាហារដែលមានស្ករ ខ្លាញ់ និងអាហារកែច្នៃច្រើន ក៏អាចប៉ះពាល់ដល់សុខភាពថ្លើមបានដែរ។
ទី១ អាហារដែលមានផ្សិត ឬឡើងស្អុយ គួរបោះចោល មិនគួរយកតែផ្នែកដែលខូចចេញហើយបន្តញ៉ាំទេ។ ផ្សិតខ្លះអាចបង្កើតសារធាតុពុលដែលមានទំនាក់ទំនងនឹងជំងឺថ្លើម និងមហារីកថ្លើម។ ដូច្នេះ គួររក្សាអាហារឱ្យស្ងួត ស្អាត និងបោះចោលអាហារដែលមានសញ្ញាឡើងផ្សិត។
ទី២ អាហារចៀន និងអាហារខ្លាញ់ច្រើន គួរបន្ថយ ព្រោះការទទួលថាមពល និងខ្លាញ់ច្រើនជាប្រចាំអាចជួយបង្កើនការកកខ្លាញ់ក្នុងថ្លើម ជាពិសេសនៅពេលរួមជាមួយការឡើងទម្ងន់។ គួរជ្រើសរើសអាហារស្ងោរ ចំហុយ ឬដុត និងកាត់បន្ថយអាហារចៀន និងខ្លាញ់ឆ្អែត។
ទី៣ ភេសជ្ជៈផ្អែម និងអាហារមានស្ករច្រើន ដូចជា ទឹកក្រូចកំប៉ុង តែផ្អែម និងភេសជ្ជៈផ្អែមផ្សេងៗ គួរបន្ថយ។ ការទទួលស្ករច្រើន ជាពិសេសប្រភេទស្ករដែលមាននៅក្នុងភេសជ្ជៈផ្អែម អាចពាក់ព័ន្ធនឹងការកកខ្លាញ់ក្នុងថ្លើម និងការឡើងទម្ងន់។
ទី៤ អាហារដែលចាស់ ខូច ឬរក្សាទុកមិនត្រឹមត្រូវ ដូចជា ខ្ញី ឬគ្រឿងទេសដែលមានសភាពខូច និងមានផ្សិត មិនគួរបន្តប្រើឡើយ។ ជំនួសមកវិញ គួរជ្រើសរើសអាហារស្រស់ រក្សាទុកឱ្យបានត្រឹមត្រូវ និងកុំប្រើអាហារដែលមានសញ្ញាខូច។ សរុបមក ការកាត់បន្ថយអាហារខ្លាញ់ និងផ្អែម រក្សាទម្ងន់ឱ្យសមស្រប និងធ្វើសកម្មភាពរាងកាយជាប្រចាំ គឺជាវិធីសំខាន់សម្រាប់គាំទ្រសុខភាពថ្លើម៕