យោងតាមការចុះផ្សាយពីប្រភពបរទេស អ្នកដែលចង់ទុកសក់ឱ្យវែង មិនគួរខ្លាចការកាត់សក់ពេកទេ។ ការលេង ចុងសក់រាល់ ២–៣ខែ អាចជួយកាត់ផ្នែកដែលស្ងួត បែក និងខូច ធ្វើឱ្យសក់មើលទៅរលូន និងមានសណ្តាប់ធ្នាប់ជាងមុន ជាពិសេសអ្នកដែលប្រើម៉ាស៊ីនផ្លុំសក់ ម៉ាស៊ីនអ៊ុត ឬធ្វើពណ៌សក់ជាញឹកញាប់។
ចុងសក់ជាផ្នែកដែលចាស់ជាងគេ ហើយងាយខូចជាងផ្នែកផ្សេង។ នៅពេលចុងសក់ចាប់ផ្តើមបែក ប្រសិនបើទុកយូរ សក់អាចបែក ឬបាក់កាន់តែច្រើន។ ដូច្នេះ ការលេងតែផ្នែកដែលខូច អាចជួយរក្សាសក់ឱ្យមើលទៅស្អាត និងកាត់បន្ថយការបាក់ពេលសិត។
ការលេងចុងសក់ក៏អាចជួយ រក្សាទម្រង់សក់ ឱ្យមើលទៅស្អាត និងធ្វើឱ្យសក់ងាយសិតជាងមុន។ ប្រសិនបើចង់ទុកសក់ឱ្យវែង មិនចាំបាច់កាត់ច្រើនទេ អាចប្រាប់ជាងថា ចង់លេងតែចុងសក់ដែលស្ងួត ឬបែកប៉ុណ្ណោះ។
ប៉ុន្តែគួរយល់ថា ការកាត់ចុងសក់មិនធ្វើឱ្យសក់ដុះលឿនឡើងទេ។ សក់ដុះចេញពីឫសនៅលើស្បែកក្បាល ដូច្នេះការកាត់ផ្នែកចុងមិនអាចបង្កើនល្បឿនដុះបានឡើយ។ អត្ថប្រយោជន៍សំខាន់ គឺជួយកាត់បន្ថយផ្នែកខូច ដើម្បីឱ្យសក់មិនងាយបាក់ និងអាចរក្សាប្រវែងបានល្អជាងមុន។
សរុបមក ២–៣ខែម្តង អាចពិនិត្យ និងលេងចុងសក់តាមសភាពជាក់ស្តែង។ សក់ដែលមិនសូវខូច អាចមិនចាំបាច់លេងញឹកញាប់ ខណៈសក់ដែលធ្វើពណ៌ ប្រើកម្ដៅ ឬបែកងាយ អាចត្រូវការថែទាំច្រើនជាងនេះ។ ការលេងតែចុងដែលខូច រួមជាមួយការកាត់បន្ថយកម្ដៅ និងការសិតសក់យ៉ាងថ្នមៗ អាចជួយឱ្យសក់វែងបានស្អាត និងរលូនជាងមុន៕