យោងតាមការចុះផ្សាយពីប្រភពបរទេស មនុស្សជាច្រើនមានទម្លាប់ដាំទឹកទុក ហើយផឹកបន្តរយៈពេលពីរបីថ្ងៃ។ តាមអ្នកជំនាញ ការដាំទឹកអាចជួយសម្លាប់មេរោគជាច្រើន ប៉ុន្តែ ទឹកដាំមិនគួរទុកយូរពេក ព្រោះបន្ទាប់ពីទឹកត្រជាក់ វាអាចទទួលមេរោគពីបរិស្ថានវិញបាន។
បន្ទាប់ពីដាំ ទឹកត្រូវបានកម្ចាត់មេរោគដោយកម្ដៅ ប៉ុន្តែបើទុកក្នុងធុងមិនស្អាត ឬបើកចំហ ឬយកដៃ និងឧបករណ៍មិនស្អាតទៅប៉ះ ទឹកអាចត្រូវបានកខ្វក់ឡើងវិញ។ មេរោគដែលចូលទៅក្នុងទឹកអាចកើនឡើងតាមពេលវេលា ជាពិសេសនៅពេលទុកនៅសីតុណ្ហភាពធម្មតា។
ទឹកដាំដែលទុកយូរ អាចមានរសជាតិខុសពីទឹកថ្មី ដោយសារការប្រែប្រួលតិចតួចនៅពេលទឹកប៉ះខ្យល់។ ការប្រែប្រួលរសជាតិនេះមិនមែនមានន័យថាទឹកពុលនោះទេ ប៉ុន្តែ វិធីដែលសុវត្ថិភាពជាង គឺផឹកទឹកដាំឱ្យអស់ក្នុងថ្ងៃតែមួយ និងជៀសវាងទុកឆ្លងដល់យប់ ឬច្រើនថ្ងៃ។
អ្វីដែលគួរជៀសវាងផងដែរ គឺ កុំចាក់ទឹកថ្មីបន្ថែមចូលក្នុងធុងដែលនៅសល់ទឹកចាស់ ដោយមិនលាងធុងជាមុន។ គួរប្រើធុងស្អាត មានគម្របបិទជិត និងរក្សាទុកនៅកន្លែងស្អាត។ ធុងកែវដែលមានគុណភាពល្អ អាចជាជម្រើសសមស្របសម្រាប់រក្សាទឹកដាំ។
សរុបមក ការដាំទឹកជួយឱ្យទឹកមានសុវត្ថិភាពជាងមុន ប៉ុន្តែ ការរក្សាទឹកឱ្យស្អាតបន្ទាប់ពីដាំ ក៏សំខាន់មិនចាញ់ការដាំដែរ។ ដើម្បីកាត់បន្ថយហានិភ័យ គួរដាំទឹកតាមបរិមាណដែលត្រូវការប្រើ ហើយព្យាយាមផឹកឱ្យអស់ក្នុងថ្ងៃ និងជៀសវាងទុកទឹកដាំចោលជាច្រើនថ្ងៃ៕