យោងតាមការចុះផ្សាយពីប្រភពបរទេស ស៊ុត ឬពងទា/មាន់ គឺជាអាហារដែលមនុស្សជាច្រើនញ៉ាំជាប្រចាំ ព្រោះងាយរក តម្លៃសមរម្យ និងមានប្រូតេអ៊ីន វីតាមីន និងសារធាតុចិញ្ចឹមផ្សេងៗ។ ប៉ុន្តែការផឹកតែភ្លាមៗក្រោយពេលញ៉ាំពង អាចធ្វើឱ្យរាងកាយ ស្រូបយកជាតិដែកពីអាហារបានតិចជាងមុន។
មូលហេតុគឺ តែមានសារធាតុមួយចំនួនដែលអាចរារាំងការស្រូបយកជាតិដែក ជាពិសេសជាតិដែកដែលមាននៅក្នុងអាហារប្រភេទខ្លះ។ ដូច្នេះ បញ្ហាមិនមែនថា «ញ៉ាំពងជាមួយតែជារឿងគ្រោះថ្នាក់» ទេ ប៉ុន្តែជាបញ្ហាអំពីពេលវេលាផឹកតែ និងការទទួលបានជាតិដែកពីអាហារ។
សម្រាប់មនុស្សដែលអាចទទួលបានជាតិដែកមិនគ្រប់គ្រាន់ ដូចជា អ្នកដែលត្រូវការជាតិដែកច្រើន ឬមិនសូវញ៉ាំអាហារដែលមានជាតិដែក គួរយកចិត្តទុកដាក់ជាងមុន។ ដើម្បីជួយកាត់បន្ថយការរំខាននេះ គួរជៀសវាង ផឹកតែជាមួយអាហារ ឬផឹកភ្លាមៗក្រោយញ៉ាំរួច ហើយទុកចន្លោះពេលសិន មុនផឹកតែ។
បន្ថែមពីនេះ អាចញ៉ាំអាហារដែលមាន វីតាមីន C ជាមួយអាហារ ដូចជា ត្របែក ក្រូច គីវី ល្ហុង ប៉េងប៉ោះ និងម្ទេសផ្អែម ព្រោះវាអាចជួយឱ្យរាងកាយស្រូបយកជាតិដែកពីអាហារបានល្អជាងមុន។
សរុបមក មិនចាំបាច់ឈប់ញ៉ាំពង ឬឈប់ផឹកតែទេ។ គន្លឹះសំខាន់គឺកុំផឹកតែភ្លាមៗក្រោយអាហារ ប្រសិនបើអ្នកចង់ទទួលបានជាតិដែកពីអាហារឱ្យបានល្អ។ ការផ្លាស់ប្តូរទម្លាប់តូចមួយនេះ អាចជួយឱ្យការរៀបចំអាហារប្រចាំថ្ងៃមានប្រយោជន៍ជាងមុន៕