យោងតាមការចុះផ្សាយពីប្រភពបរទេស ការចង់សម្រកខ្លាញ់ក្បាលពោះ មិនមែនត្រូវធ្វើតែលំហាត់ពោះប៉ុណ្ណោះទេ។ ការហាត់ប្រាណជាប្រចាំ រួមជាមួយការញ៉ាំអាហារឱ្យសមរម្យ អាចជួយឱ្យរាងកាយសម្រកខ្លាញ់ និងមានសុខភាពល្អជាងមុន។ មានវិធីសាមញ្ញៗមួយចំនួនដែលអាចយកទៅអនុវត្តបានក្នុងជីវិតប្រចាំថ្ងៃ។
ទី១ ដើរ រត់ ឬធ្វើចលនាឱ្យបានច្រើន ដូចជា ដើរលឿន រត់ ជិះកង់ ឬហែលទឹក។ សកម្មភាពទាំងនេះជួយឱ្យរាងកាយប្រើថាមពល និងអាចជួយសម្រកខ្លាញ់បាន ប្រសិនបើធ្វើជាប្រចាំ។
ទី២ បន្ថែមលំហាត់ដែលធ្វើឱ្យបេះដូងលោតលឿនជាងធម្មតា ដូចជា លោត ក្រោកអង្គុយ ឬប្តូរល្បឿនដើរ និងរត់។ អាចចាប់ផ្តើមពីកម្រិតស្រាល ហើយបន្ថែមបន្តិចម្តងៗ តាមសមត្ថភាពរបស់ខ្លួន។
ទី៣ កុំផ្តោតតែលើលំហាត់ពោះ។ គួរហាត់រាងកាយទាំងមូល ដោយមានទាំងលំហាត់ដៃ ជើង ខ្នង និងពោះ ដើម្បីឱ្យសាច់ដុំបានធ្វើការ និងរាងកាយរឹងមាំជាងមុន។ ការធ្វើលំហាត់ពោះតែប៉ុណ្ណោះ មិនអាចធ្វើឱ្យខ្លាញ់បាត់តែនៅតំបន់ពោះបានទេ។
ទី៤ ហាត់ប្រាណពេលព្រឹក ឬមុនអាហារ តាមភាពសមស្របរបស់ខ្លួន។ ពេលខ្លះការហាត់នៅពេលព្រឹកអាចធ្វើឱ្យមនុស្សមួយចំនួនមានអារម្មណ៍ស្រស់ស្រាយ និងងាយរក្សាទម្លាប់ប្រចាំថ្ងៃ។ ប៉ុន្តែអ្វីដែលសំខាន់ជាងគេ គឺការហាត់ឱ្យបានទៀងទាត់ មិនមែនម៉ោងហាត់តែមួយទេ។
ទី៥ បញ្ចូលការលើកទម្ងន់ជាមួយការដើរ ឬរត់។ ការលើកទម្ងន់ជួយឱ្យសាច់ដុំរឹងមាំ ខណៈការដើរ ឬរត់ជួយឱ្យរាងកាយប្រើថាមពល។ នៅពេលធ្វើជាប្រចាំ និងគ្រប់គ្រងការញ៉ាំអាហារ វាអាចជួយឱ្យទម្ងន់ និងខ្លាញ់ក្នុងរាងកាយថយចុះ។ សំខាន់បំផុត គឺចាប់ផ្តើមពីអ្វីដែលអាចធ្វើបាន ហើយបន្តធ្វើជាប្រចាំ៕