យោងតាមការចុះផ្សាយពីប្រភពបរទេស ខ្លាញ់រុំថ្លើមអាចមិនបង្ហាញរោគសញ្ញាច្បាស់នៅដំណាក់កាលដំបូង ប៉ុន្តែបើមិនយកចិត្តទុកដាក់លើការរស់នៅ និងរបបអាហារ សុខភាពថ្លើមអាចរងផលប៉ះពាល់កាន់តែខ្លាំង។ ដូច្នេះ ការជ្រើសរើសអាហារប្រចាំថ្ងៃ គឺជាផ្នែកសំខាន់មួយក្នុងការថែរក្សាសុខភាពថ្លើម។
អាហារ និងភេសជ្ជៈ ៦មុខដែលគួរបន្ថយ រួមមាន ភេសជ្ជៈមានជាតិអាល់កុល អាហារផ្អែមខ្លាំង អាហារចៀន អាហារប្រៃខ្លាំង ម្សៅស និងសាច់កែច្នៃ ដូចជា សាច់ក្រក និងហាំ។ ការទទួលទានញឹកញាប់អាចធ្វើឱ្យរាងកាយទទួលបានជាតិស្ករ ខ្លាញ់ និងអំបិលច្រើនពេក ដែលមិនល្អសម្រាប់ការគ្រប់គ្រងទម្ងន់ និងសុខភាពទូទៅ។
ជំនួសមកវិញ គួរជ្រើសរើស បន្លែ ផ្លែឈើ សណ្តែក ត្រី សាច់មានជាតិខ្លាញ់តិច និងគ្រាប់ធញ្ញជាតិ។ វិធីចម្អិនដូចជា ស្ងោរ ចំហុយ ឬដុត ក៏អាចជាជម្រើសល្អជាងការចៀន និងជួយកាត់បន្ថយការទទួលជាតិខ្លាញ់លើសកម្រិត។
សម្រាប់អាហារប្រចាំថ្ងៃ អាចជ្រើសរើសអាហារធ្វើពីគ្រាប់ធញ្ញជាតិជាមួយផ្លែឈើនៅពេលព្រឹក បន្លែជាមួយត្រី ឬសាច់មានជាតិខ្លាញ់តិចនៅពេលថ្ងៃ និងបន្លែ សណ្តែក ឬត្រីនៅពេលល្ងាច។ រវាងពេលបាយ គួរជ្រើសរើស ផ្លែឈើស្រស់ ជំនួសនំផ្អែម និងអាហារសម្រន់ដែលមានជាតិស្ករច្រើន។
សរុបមក ការថែថ្លើមចាប់ផ្តើមពីទម្លាប់ប្រចាំថ្ងៃ។ បន្ថយអាហារផ្អែម ប្រៃ ចៀន ម្សៅស សាច់កែច្នៃ និងអាល់កុល រួមជាមួយការជ្រើសរើសអាហារស្រស់ និងធ្វើសកម្មភាពរាងកាយជាប្រចាំ អាចជួយគាំទ្រសុខភាពទូទៅបានល្អ។ ការផ្លាស់ប្តូរទម្លាប់តូចៗ ប៉ុន្តែធ្វើជាប្រចាំ អាចមានប្រយោជន៍សម្រាប់សុខភាពរយៈពេលវែង៕