យោងតាមការចុះផ្សាយពីប្រភពបរទេស មនុស្សជាច្រើនគិតថា គ្រឿងទេសធម្មជាតិគឺសុវត្ថិភាពជានិច្ច ប៉ុន្តែ របៀបរក្សាទុក និងវិធីប្រើ ក៏សំខាន់មិនចាញ់ប្រភេទគ្រឿងទេសដែរ។ បើទុកយូរ ប្រើច្រើនពេក ឬយកមកប្រើឡើងវិញជាបន្តបន្ទាប់ វាអាចប៉ះពាល់ដល់សុខភាពបាន។
ទី១ គ្រឿងទេសស្ងួតដែលទុកយូរ ឬឡើងផ្សិត ដូចជា ផ្កាចន្ទន៍ ឈើអែម និងម្រេច។ បើទុកនៅកន្លែងក្តៅ ឬសើម វាអាចឡើងផ្សិត។ បើឃើញមានផ្សិត ឬមានក្លិនប្លែក គួរបោះចោលទាំងមូល មិនគួរលាង ឬហាលថ្ងៃ រួចយកមកប្រើបន្តឡើយ។
ទី២ ទឹកជ្រលក់ និងគ្រឿងជ្រក់ដែលមានអំបិលច្រើន ដូចជា ទឹកសណ្ដែក និងទឹកជ្រលក់មួយចំនួន។ មនុស្សខ្លះគិតថា ប្រើទឹកជ្រលក់ជំនួសអំបិល គឺប្រសើរជាង ប៉ុន្តែវាក៏អាចមានអំបិលច្រើនដែរ។ ដូច្នេះ គួរប្រើតិចៗ និងកុំបន្ថែមច្រើនប្រភេទក្នុងពេលតែមួយ។
ទី៣ ទឹកស៊ុប ឬទឹកសម្លសល់ដែលយកមកប្រើម្តងហើយម្តងទៀត។ កុំគិតថា ទឹកស៊ុបកាន់តែចាស់ កាន់តែឆ្ងាញ់ និងល្អសម្រាប់សុខភាព។ គួរប្រុងប្រយ័ត្នចំពោះទឹកស៊ុបដែលទុកយូរ និងកម្តៅឡើងវិញជាច្រើនដង ហើយបើមានក្លិនជូរ មានពពុះ ឬមានសភាពប្លែក គួរបោះចោល។
ជាចុងក្រោយ ទឹកត្រី និងទឹកខ្យង មិនមែនជារបស់ដែលត្រូវភ័យខ្លាចថាបង្កមហារីកដោយផ្ទាល់ទេ។ អ្វីដែលគួរយកចិត្តទុកដាក់ គឺប្រើក្នុងបរិមាណសមរម្យ និងរក្សាទុកឱ្យបានត្រឹមត្រូវ។ ចំណែកគ្រឿងទេសស្ងួត គួរទិញត្រឹមតែបរិមាណដែលអាចប្រើបានទាន់ពេល និងរក្សាទុកនៅកន្លែងស្ងួតត្រជាក់៕