យោងតាមការចុះផ្សាយពីប្រភពបរទេស មនុស្សជាច្រើនតែងចាក់សាប៊ូលើសក់ រួចជូតខ្លាំងៗពីគល់ដល់ចុង ដោយគិតថានឹងធ្វើឱ្យសក់ស្អាតជាងមុន។ ប៉ុន្តែតាមប្រភពដែលបានលើកឡើង កន្លែងដែលគួរផ្តោតសំខាន់ពេលកក់សក់ គឺ ស្បែកក្បាល ព្រោះតំបន់នេះជាកន្លែងដែលមានប្រេង ញើស ធូលី និងភាពកខ្វក់កកស្ទះច្រើនជាងគេ។
ពេលកក់សក់ គួរធ្វើឱ្យសក់ និងស្បែកក្បាលសើមជាមុន ហើយប្រើសាប៊ូក្នុងបរិមាណសមរម្យ។ បន្ទាប់មកប្រើ ចុងម្រាមដៃម៉ាស្សាស្រាលៗលើស្បែកក្បាល ដើម្បីជួយសម្អាតភាពកខ្វក់ ជាពិសេសតំបន់ជុំវិញថ្ងាស កំពូលក្បាល និងខាងក្រោយក្បាល។ មិនគួរប្រើក្រចកកោស ឬត្រដុសខ្លាំងៗទេ។
ចំណែកកណ្ដាលសក់ និងចុងសក់ មិនចាំបាច់ត្រដុសខ្លាំងឡើយ។ ពេលលាងសាប៊ូចេញ ទឹក និងពពុះអាចហូរឆ្លងកាត់សក់ និងជួយយកភាពកខ្វក់ចេញបាន។ ការជូតខ្លាំងពេកអាចធ្វើឱ្យសក់រញ៉េរញ៉ៃ សំពោង ឬងាយ បាក់ជាពិសេសសម្រាប់អ្នកដែលលាបពណ៌សក់ ឬប្រើកម្ដៅលើសក់ញឹកញាប់។
មនុស្សជាច្រើនក៏ច្រឡំរបៀបប្រើ ក្រែមបន្ទន់សក់ ផងដែរ។ ក្រែមបន្ទន់គួរផ្តោតលើកណ្ដាលសក់ និងចុងសក់ ដើម្បីធ្វើឱ្យសក់ទន់ និងងាយសិត ជាជាងលាបច្រើននៅលើស្បែកក្បាល។ អ្នកដែលមានស្បែកក្បាលងាយមានប្រេង ប្រសិនបើលាបក្រែមបន្ទន់ជិតគល់សក់ពេក អាចធ្វើឱ្យសក់មើលទៅមានប្រេងលឿន។
សរុបមក ចាំឱ្យងាយថា “សាប៊ូផ្តោតលើស្បែកក្បាល ក្រែមបន្ទន់ផ្តោតលើសក់”។ ការកក់សក់មិនចាំបាច់ប្រើកម្លាំងខ្លាំងទេ ប៉ុន្តែគួរធ្វើឱ្យបានត្រឹមត្រូវ និងទន់ភ្លន់។ ប្រសិនបើមានអាការៈរមាស់ ក្រហម ឬបញ្ហាស្បែកក្បាលជាប់រហូត គួរទៅពិគ្រោះជាមួយអ្នកជំនាញសុខភាព៕