យោងតាមការចុះផ្សាយពីប្រភពបរទេស ការងូតទឹកជាទម្លាប់ប្រចាំថ្ងៃ ប៉ុន្តែការងូតទឹកមិនត្រឹមត្រូវអាចប៉ះពាល់ដល់ស្បែកដោយមិនដឹងខ្លួន។ ទម្លាប់មួយចំនួនដែលមនុស្សជាច្រើនធ្វើជាប្រចាំ ដូចជា ងូតទឹកក្តៅពេក កកិតស្បែកខ្លាំង និងប្រើកន្សែងដដែលជាច្រើនថ្ងៃ គួរត្រូវបានកាត់បន្ថយ ឬបញ្ឈប់។
ទី១ ងូតទឹកក្តៅពេក។ ទឹកក្តៅខ្លាំងអាចលាងជាតិប្រេងធម្មជាតិដែលជួយការពារ និងរក្សាសំណើមស្បែក បណ្តាលឱ្យស្បែកស្ងួត តឹង របក ឬរមាស់ ជាពិសេសចំពោះអ្នកដែលមានស្បែកស្ងួត ឬងាយប្រតិកម្ម។ ដូច្នេះ គួរប្រើទឹកក្តៅល្មម និងកុំងូតយូរពេក។ បន្ទាប់ពីងូត គួរជូតខ្លួនថ្នមៗ មិនគួរយកកន្សែងមកកកិតខ្លាំងឡើយ។
ទី២ កកិតស្បែកខ្លាំងពេកពេលងូតទឹក។ មនុស្សមួយចំនួនយល់ថា កាន់តែកកិតខ្លាំង កាន់តែស្អាត ប៉ុន្តែការកកិតរហូតដល់ស្បែកឡើងក្រហម អាចធ្វើឱ្យស្បែករលាក ស្ងួត និងរមាស់។ ពេលងូតទឹក គួរប្រើដៃ ឬកន្សែងទន់ និងសម្អាតដោយថ្នមៗ ជាពិសេសតំបន់ដែលស្បែកស្តើង និងងាយរងការរលាក។
ទី៣ ប្រើកន្សែងងូតទឹកដដែលជាច្រើនថ្ងៃដោយមិនបោកសម្អាត។ កន្សែងអាចមានកោសិកាស្បែកញើស និងជាតិប្រេងពីរាងកាយ ហើយប្រសិនបើទុកឱ្យសើមយូរ វាអាចក្លាយជាកន្លែងដែលមេរោគផ្សេងៗងាយកើនឡើង។ បន្ទាប់ពីប្រើ គួរហាលកន្សែងនៅកន្លែងមានខ្យល់ចេញចូល និងទុកឱ្យស្ងួតទាំងស្រុង ព្រមទាំងបោកសម្អាតជាប្រចាំ។
ជារួម ការងូតទឹកល្អ មិនមែនមានន័យថាត្រូវងូតយូរ ឬកកិតខ្លាំងនោះទេ។ គន្លឹះសំខាន់គឺសម្អាតរាងកាយឱ្យបានគ្រប់គ្រាន់ ប្រើទឹកក្តៅល្មម កកិតស្បែកថ្នមៗ និងរក្សាកន្សែងឱ្យស្អាតនិងស្ងួត។ ប្រសិនបើស្បែកនៅតែរមាស់ ឡើងក្រហម របក ឬមានបញ្ហាជាប់ជាប្រចាំ គួរពិគ្រោះជាមួយអ្នកជំនាញសុខភាព ដើម្បីស្វែងរកមូលហេតុឱ្យបានច្បាស់៕