ការផោម ឬការបញ្ចេញខ្យល់ពីពោះ គឺជារឿងធម្មតារបស់មនុស្ស ហើយមនុស្សអាចផោមជាច្រើនដងក្នុងមួយថ្ងៃ។ ប៉ុន្តែគួរឱ្យចាប់អារម្មណ៍ ការសិក្សាមួយបានរកឃើញថា បុរសអាចបញ្ចេញខ្យល់ក្នុងបរិមាណច្រើនជាង ខណៈស្ត្រីវិញមានទំនោរឱ្យក្លិនខ្លាំងជាង។
មូលហេតុសំខាន់មួយ គឺសារធាតុមួយចំនួននៅក្នុងខ្យល់ដែលបញ្ចេញចេញពីពោះ ជាពិសេសសារធាតុដែលមានក្លិនស្រដៀងស៊ុតរលួយ។ ការសិក្សារកឃើញថា ស្ត្រីអាចមានកម្រិតសារធាតុនេះខ្ពស់ជាងបុរស ទោះបីបញ្ចេញខ្យល់ក្នុងបរិមាណតិចជាងក៏ដោយ។ អាហារដែលញ៉ាំ និងដំណើរការរំលាយអាហាររបស់មនុស្សម្នាក់ៗ ក៏អាចធ្វើឱ្យក្លិនខុសគ្នាផងដែរ។
អ្វីដែលគួរឱ្យភ្ញាក់ផ្អើល គឺសារធាតុដែលបង្កក្លិននេះ មិនមែនសុទ្ធតែមានន័យថាអាក្រក់ចំពោះរាងកាយទេ។ នៅក្នុងបរិមាណតិចៗ វាមានតួនាទីមួយចំនួនក្នុងការធ្វើការរបស់កោសិកា ហើយអ្នកវិទ្យាសាស្ត្រកំពុងសិក្សាថា វាអាចមានទំនាក់ទំនងជាមួយការការពារកោសិកាខួរក្បាល និងការថយចុះនៃមុខងារខួរក្បាលតាមអាយុឬយ៉ាងណា។
ការសិក្សាលើសត្វកណ្តុរមួយរបស់ក្រុមអ្នកស្រាវជ្រាវនៅ Johns Hopkins ក៏បានរកឃើញថា សារធាតុដែលអាចបញ្ចេញឧស្ម័ននេះ អាចជួយឱ្យមុខងារខួរក្បាលមួយចំនួនប្រសើរឡើងនៅក្នុងសត្វដែលមានបញ្ហាខួរក្បាល។ ប៉ុន្តែការរកឃើញនេះមិនទាន់មានន័យថា ការផោមរបស់មនុស្សអាចការពារ ឬព្យាបាលជំងឺអាល់ហ្សៃមឺរបានឡើយ ហើយត្រូវការការសិក្សាលើមនុស្សបន្ថែមទៀត។
ដូច្នេះ បើផោមធុំក្លិនខ្លាំង មិនចាំបាច់មានន័យថា រាងកាយកំពុងមានបញ្ហា ឬខួរក្បាលមានសុខភាពល្អជាងមុនទេ។ ក្លិនភាគច្រើនអាស្រ័យលើអាហារ និងការរំលាយអាហារ។ ចំណែកទំនាក់ទំនងរវាងសារធាតុបង្កក្លិន និងសុខភាពខួរក្បាល គឺជាចំណុចវិទ្យាសាស្ត្រដែលកំពុងសិក្សាបន្ត៕