ផលប៉ះពាល់នៃការប្រើប្រាស់ថ្នាំ កូរទីកូអ៊ីត ឬក៏ស្តេរយ មិនបានត្រឹមត្រូវតាមវេជ្ជបញ្ជា ឫដោយគ្មានវេជ្ជបញ្ជា ។ នេះបើយោងតាមផេកមន្ទីរពេទ្យកាល់ម៉ែតបានប្រកាសនាពេលថ្មីៗនេះ ។
ថ្នាំពេទ្យប្រភេទ កូរទីកូអ៊ីត ឬក៏ស្តេរយ ជាថ្នាំដែលគេប្រើប្រាស់សម្រាប់ព្យាបាល រលាកសន្លាក់ ឈឺសន្លាក់ និងជំងឺរ៉ាំរ៉ៃមួយចំនួនទៀត ។
ថ្នាំទាំងនេះមានប្រភេទជាថ្នាំគ្រាប់ៈ (Cortancyl, Prednisone, Prednisolone, Dexamethaxone…) ដែលបងប្អូនប្រជាជនយើងចំណាំហៅថា ថ្នាំគ្រាប់ត្រសក់ ថ្នាំក្រពើហោះ -ល-។
ប្រភេទថ្នាំចាក់មានៈ (Triamcinolone methylprednisolone…)។ ក្រៅពីថ្នាំលេប និងថ្នាំចាក់ ក៏មានប្រភេទថ្នាំបឺតតាមមាត់ (Becotide, Serritide…) និងថ្នាំលាបលើស្បែក (Hydrocortisone cream, betamethasone…)។
ថ្នាំដែលបានរៀបរាប់ខាងលើនេះ មានប្រសិទ្ធភាពខ្ពស់សម្រាប់ប្រើប្រាស់ព្យាបាលជំងឺ ប៉ុន្តែបើយើងមិនបានគោរពនូវលក្ខណ្ឌវេជ្ជសាស្រ្តនៃការប្រើប្រាស់ថ្នាំទាំងនោះទេ វាអាចបណ្តាលអោយមានគ្រោះថ្នាក់ ហើយជួនកាលវាអាចគ្រោះថ្នាក់ដល់អាយុជីវិតទៀតផង។
អ្វីដែលយើងសង្កេតឃើញកន្លងមក គឺមានអ្នកប្រកបរបរមិនសុច្ចរិត មិនត្រឹមត្រូវ យកថ្នាំទាំងនេះទៅប្រើប្រាស់ខុសក្បួនវេជ្ជសាស្រ្តដូចជា ធ្វើជាថ្នាំសូន ថ្នាំឬសឈើសម្រាប់ផឹកអោយហូបបាន និងបំបាត់ការឈឺចាប់ឆ្អឹងឆ្អែង ឈឺចុកចាប់សាច់ដុំជាដើម ។ យើងក៏សង្កេតឃើញផងដែរ ថា មានអ្នកខ្លះយកថ្នាំទាំងនេះទៅចាក់ ដើម្បីបំបាត់ការឈឺចាប់ ដោយមិនបានគិតស្វែងរករោគវិនិឆ្ឆ័យនៃជំងឺទេ ដូចជា ឈឺត្រង់ណាចាក់ត្រង់នោះ ជួនកាលមានរហូតដល់ចាក់ចូលទៅក្នុងសន្លាក់ទៀតផង ។
អ្វីទៅជាផលប៉ះពាល់នៃការប្រើប្រាស់ថ្នាំ កូរទីកូអ៊ីត ឬក៏ ស្តេរយមិនបានត្រឹមត្រូវ?
វាធ្វើអោយមានការប្រែប្រួលអរម៉ូន កូរទីកូអ៊ីត ឬក៏ ស្តេរយ ធម្មជាតិនៅក្នុងខ្លួន៖
នៅពេលដែលយើងកំពុងប្រើប្រាស់ថ្នាំដែលបានរៀបរាប់ខាងលើ ក្នុងរយៈពេលយូរ និងកម្រិតដូសខ្ពស់មិនបានត្រឹមត្រូវ ពេលនោះអ្នកជំងឺលេចចេញនូវរោគសញ្ញាដូចជា ហើមមុខ ធាត់ក្បាលពោះប៉ុន្តែអវយវៈដៃជើងតូចៗ ស្បែកឡើងផុយងាយជាំ រលាត់ ។
នៅពេលអ្នកជំងឺឈប់ប្រើប្រាស់ថ្នាំទាំងនោះ ពេលនោះអរម៉ូនធម្មជាតិនៅក្នុងខ្លួនយើងមានការថយចុះ ឬក៏មិនផលិត ពេលនោះពួកគាត់លេចចេញរោគសញ្ញាដូចជា អស់កំលាំង ហេវហត់ ល្ហិតល្ហៃ ជាពិសេសនៅពេលថ្ងៃរសៀលចាប់ពីម៉ោង៤ សម្ពាធឈាមគាត់ចុះ ហើយជួនកាលសម្ពាធឈាមចុះរហូតដល់មានគ្រោះថ្នាក់ទៀតផង។
សរុបជារួមមក ដូចដែរយើងបានដឹងស្រាប់ហើយថា ថ្នាំជាអាវុធមុខពីរ ហេតុដូចនេះយើងគួរគប្បីប្រឹក្សាជាមួយគ្រូពេទ្យឲ្យបានត្រឹមត្រូវ មុនទទួលទានថ្នាំប្រភេទ កូរទីកូអ៊ីត ឬក៏ ស្តេរយ ដោយពិសារក្នុងកម្រិតដូសត្រឹមត្រូវ រយៈពេលត្រឹមត្រូវ ហើយជៀសវាងទទួលទានថ្នាំជាឱសថបុរាណក្តី ជាថ្នាំសូនដើម្បីឲ្យបាយបាន បំបាត់ការឈឺចុកចាប់ឆ្អឹងឆ្អែងក្តី ដែលមិនមានប្រភពច្បាស់លាស់ ៕