យោងតាមការចុះផ្សាយពីប្រភពបរទេស ស៊ុតស្ងោរគឺជាអាហារសម្រន់ដែលមនុស្សជាច្រើនចូលចិត្ត ព្រោះងាយរកទិញ និងមានប្រូតេអ៊ីនល្អ។ ស៊ុតធំ ១គ្រាប់មានប្រូតេអ៊ីនប្រហែល ៦ក្រាម ប៉ុន្តែបើញ៉ាំជារៀងរាល់ថ្ងៃរហូតធុញ អាចប្តូរទៅអាហារផ្សេងៗដែលមានប្រូតេអ៊ីនខ្ពស់បាន។
ជម្រើសមួយចំនួនមានដូចជា អាល់ម៉ុន និងសណ្តែកដី ដែលប្រហែល ៦–៧ក្រាមក្នុង ២៨ក្រាម។ ចំណែក ប៊ឺសណ្តែកដី ២ស្លាបព្រាបាយមានប្រូតេអ៊ីនប្រហែល ៧ក្រាម។ អាហារទាំងនេះក៏មានជាតិខ្លាញ់ល្អ និងសារធាតុចិញ្ចឹមផ្សេងៗ ប៉ុន្តែគួរញ៉ាំក្នុងបរិមាណសមរម្យ។
សម្រាប់អ្នកចូលចិត្តអាហារដែលឆ្អែតយូរ អាចជ្រើស យ៉ាអួក្រិក តៅហ៊ូ ឈីស និងសណ្តែក។ ក្នុងបរិមាណសមរម្យ អាហារទាំងនេះអាចផ្តល់ប្រូតេអ៊ីនប្រហែល ៧–១៨ក្រាម ហើយមួយចំនួនក៏មានកាល់ស្យូម និងសារធាតុចិញ្ចឹមផ្សេងទៀតផងដែរ។
បើចូលចិត្តត្រី អាចជ្រើស ត្រីធូណា និងត្រីសាឌីនកំប៉ុង ដែលមានប្រូតេអ៊ីនប្រហែល ២០ក្រាមក្នុង ៨៥ក្រាម។ ត្រីទាំងនេះក៏មានខ្លាញ់អូមេហ្គា-៣ផងដែរ។ ទោះជាយ៉ាងណា អាហារកំប៉ុងខ្លះអាចមានអំបិលខ្ពស់ ដូច្នេះគួរពិនិត្យស្លាកផលិតផលមុនទិញ។
ក្រៅពីនេះ សាច់ទ្រូងមាន់តួកគី គ្រាប់ល្ពៅ និងសាច់ស្ងួត ក៏ជាជម្រើសដែលអាចយកមកញ៉ាំជាអាហារសម្រន់បាន។ សាច់ទ្រូងមាន់តួកគី ៨៥ក្រាមអាចមានប្រូតេអ៊ីនជាង ២៥ក្រាម ខណៈសាច់ស្ងួតងាយយកតាមខ្លួន ប៉ុន្តែជាញឹកញាប់មានអំបិលខ្ពស់ ដូច្នេះគួរជ្រើសរើសប្រភេទអំបិលទាប។ ការប្តូរប្រភេទអាហារសម្រន់ឱ្យបានច្រើនមុខ នឹងជួយឱ្យការញ៉ាំអាហារមានភាពចម្រុះជាងមុន៕