យោងតាមការចុះផ្សាយពីប្រភពបរទេស មនុស្សជាច្រើនឆ្ងល់ថា តើហាត់ប្រាណពេលព្រឹក ឬពេលល្ងាច ទើបល្អជាងសម្រាប់រាងកាយ? តាមការពន្យល់របស់អ្នកជំនាញ ពិតប្រាកដទៅ មិនមានពេលណាមួយដែលល្អបំផុតសម្រាប់មនុស្សគ្រប់គ្នាទេ។ ពេលដែលល្អ គឺពេលដែលសមនឹងពេលវេលា កម្លាំង និងជីវិតប្រចាំថ្ងៃរបស់ម្នាក់ៗ ហើយអាចហាត់បានជាប្រចាំ។
បើហាត់នៅពេលព្រឹក គួរចាប់ផ្តើមដោយចលនាស្រាលៗ ឬកម្តៅសាច់ដុំជាមុន ព្រោះរាងកាយទើបភ្ញាក់ពីដំណេក ហើយមិនទាន់សកម្មពេញលេញ។ ប្រសិនបើមិនទាន់ញ៉ាំអាហារ គួរជៀសវាងការហាត់ខ្លាំងភ្លាមៗ ហើយអាចចាប់ផ្តើមពីការដើរលឿន យូហ្គា ឬលើកទម្ងន់ស្រាលៗសិន។
ចំណែកការហាត់នៅពេលល្ងាច អាចសមសម្រាប់អ្នកដែលមិនមានពេលព្រឹក ឬមានអារម្មណ៍ថារាងកាយរបស់ខ្លួនមានកម្លាំងជាងនៅពេលនេះ។ ទោះជាយ៉ាងណា ក៏គួរកម្តៅសាច់ដុំមុនហាត់ដែរ ដើម្បីឱ្យរាងកាយត្រៀមខ្លួន និងកាត់បន្ថយឱកាសរងរបួស។
ក្រោយពេលហាត់ប្រាណ មិនគួរអត់អាហារ ឬទុកឱ្យខ្លួនឯងឃ្លានយូរពេកទេ។ គួរញ៉ាំអាហារដែលមានប្រយោជន៍ ផឹកទឹកឱ្យគ្រប់គ្រាន់ និងសម្រាកឱ្យបានល្អ ដើម្បីឱ្យរាងកាយមានពេលស្តារកម្លាំង។ ការហាត់ប្រាណខ្លាំងពេក ខណៈរាងកាយមិនទាន់រួចរាល់ ក៏មិនមែនជារឿងល្អដែរ។
សរុបមក មិនថាហាត់ពេលព្រឹក ឬពេលល្ងាចទេ អ្វីដែលសំខាន់ជាងគេ គឺជ្រើសពេលដែលសមនឹងខ្លួនឯង និងអាចធ្វើបានជាប្រចាំ។ ប្រសិនបើពេលព្រឹកសមនឹងអ្នក ហាត់ពេលព្រឹកបាន។ បើពេលល្ងាចងាយស្រួលជាង ក៏ហាត់ពេលល្ងាចបានដែរ។ ការហាត់ជាប្រចាំ និងធ្វើឱ្យសមនឹងសមត្ថភាពរបស់ខ្លួន គឺសំខាន់ជាងការបង្ខំខ្លួនឱ្យហាត់នៅម៉ោងណាមួយ៕