យោងតាមការចុះផ្សាយពីប្រភពបរទេស ខ្ទិះដូងមានក្លិនក្រអូប និងរសជាតិពិសេស ដែលធ្វើឱ្យមនុស្សជាច្រើនចូលចិត្តប្រើក្នុងការចម្អិនម្ហូប។ ប៉ុន្តែការប្រើខ្ទិះដូងជាប្រចាំ អាចមិនមែនជាជម្រើសល្អបំផុតសម្រាប់សុខភាពបេះដូងឡើយ។ ដូច្នេះ ការចូលចិត្តរសជាតិរបស់វា មិនមានន័យថាគួរប្រើវារាល់ថ្ងៃទេ។
ខ្ទិះដូងមានខ្លាញ់ប្រមាណ ១៤ ក្រាម និងប្រហែល ១២០ កាឡូរីក្នុងមួយស្លាបព្រាបាយ។ ការសិក្សាមួយចំនួនបង្ហាញថា វាអាចជួយបង្កើនកម្រិតកូឡេស្តេរ៉ុលល្អ (HDL) ប៉ុន្តែជាមួយគ្នានោះ ក៏អាចបង្កើនកូឡេស្តេរ៉ុលសរុប និងកូឡេស្តេរ៉ុលអាក្រក់ (LDL) ផងដែរ។
បើប្រៀបធៀបជាមួយប្រេងអូលីវ ឬប្រេងកាណូឡា អ្នកដែលប្រើខ្ទិះដូងជាប្រចាំអាចមានកម្រិតកូឡេស្តេរ៉ុលសរុប និង LDL ខ្ពស់ជាង។ ដោយសារហេតុនេះ អ្នកជំនាញផ្នែកសុខភាពជាទូទៅមិនណែនាំឱ្យពឹងផ្អែកលើខ្ទិះដូងជាខ្ទិះចម្បងក្នុងរបបអាហារប្រចាំថ្ងៃ ជាពិសេសសម្រាប់អ្នកដែលយកចិត្តទុកដាក់ចំពោះសុខភាពបេះដូង។
ទោះជាយ៉ាងណា នេះមិនមានន័យថាត្រូវជៀសវាងខ្ទិះដូងទាំងស្រុងឡើយ។ ប្រសិនបើចូលចិត្តក្លិន និងរសជាតិរបស់វា អាចប្រើក្នុងបរិមាណតិច និងម្តងម្កាល ជំនួសការប្រើជាប្រចាំ។ សម្រាប់ការចម្អិនអាហារប្រចាំថ្ងៃ អាចពិចារណាខ្ទិះដែលមានខ្លាញ់មិនឆ្អែតច្រើន ដូចជាប្រេងអូលីវ ឬខ្ទិះកាណូឡា។
សរុបមក ខ្ទិះដូងអាចប្រើធ្វើម្ហូបបាន ប៉ុន្តែមិនគួរយល់ថាវាល្អសម្រាប់បេះដូងជាងខ្ទិះគ្រប់ប្រភេទនោះទេ។ អ្វីដែលសំខាន់គឺបរិមាណ និងប្រភេទខ្លាញ់ក្នុងរបបអាហារទាំងមូល។ ប្រសិនបើមានកូឡេស្តេរ៉ុលខ្ពស់ ឬមានកត្តាហានិភ័យជំងឺបេះដូង គួរពិគ្រោះជាមួយអ្នកជំនាញសុខភាព ឬអ្នកជំនាញអាហារូបត្ថម្ភ ដើម្បីជ្រើសរើសខ្ទិះឱ្យសមស្រប៕