យោងតាមការចុះផ្សាយពីប្រភពបរទេស មនុស្សម្នាក់អាចមិនមែនជាមនុស្សអាក្រក់ឡើយ ប៉ុន្តែទម្លាប់មួយចំនួន ប្រសិនបើធ្វើជាញឹកញាប់ អាចធ្វើឱ្យអ្នកនៅជុំវិញមានអារម្មណ៍នឿយហត់ ឬមិនស្រួលចិត្ត រហូតចង់រក្សាគម្លាតពីយើង។ ទម្លាប់ទាំងនេះខ្លះអាចកើតឡើងដោយមិនដឹងខ្លួន ដូចជា ការត្អូញត្អែររឿងដដែលៗ ឬមិនសូវស្តាប់អ្នកដទៃ។
ទម្លាប់ទីមួយ គឺចូលចិត្តត្អូញត្អែរគ្រប់រឿង ប៉ុន្តែមិនគិតរកដំណោះស្រាយ។ ការបញ្ចេញអារម្មណ៍នៅពេលជួបបញ្ហាគឺជារឿងធម្មតា ប៉ុន្តែប្រសិនបើតែងតែនិយាយពីបញ្ហាដដែលៗដោយមិនចង់កែប្រែ អ្នកស្តាប់អាចមានអារម្មណ៍ថានឿយហត់។ ទម្លាប់មួយទៀតគឺចូលចិត្តលើកខ្លួនឯងដោយបន្ទាបអ្នកដទៃ ដើម្បីឱ្យខ្លួនមើលទៅល្អជាងគេ ដែលអាចធ្វើឱ្យអ្នកជុំវិញមានអារម្មណ៍មិនស្រួល។
ការសុំយោបល់ ប៉ុន្តែមិនស្តាប់ចម្លើយក៏ជាទម្លាប់ដែលគួរពិនិត្យខ្លួនឯងផងដែរ។ ប្រសិនបើសួរគេតែចង់ឮចម្លើយដែលស្របនឹងអ្វីដែលខ្លួនគិត អ្នកជុំវិញអាចមានអារម្មណ៍ថាការផ្តល់ដំបូន្មានរបស់ពួកគេគ្មានប្រយោជន៍។ ចំណែកការនិយាយតែពីរឿងរបស់ខ្លួន ដោយមិនទុកឱកាសឱ្យអ្នកដទៃនិយាយពីខ្លួនវិញ ក៏អាចធ្វើឱ្យការសន្ទនាក្លាយជារឿងមួយផ្លូវ និងធ្វើឱ្យអ្នកដទៃលែងចង់និយាយជាមួយ។
មនុស្សមួយចំនួនក៏អាចមានទម្លាប់មើលខ្លួនឯងជាជនរងគ្រោះគ្រប់ស្ថានការណ៍ ដោយតែងតែគិតថាបញ្ហាកើតឡើងដោយសារអ្នកដទៃ ឬស្ថានភាពខាងក្រៅ ហើយមិនពិនិត្យមើលថាខ្លួនអាចមានផ្នែកណាដែលត្រូវកែប្រែ។ ការមើលអ្វីៗក្នុងផ្លូវអវិជ្ជមានជានិច្ច ហើយយល់ថាខ្លួនគ្រាន់តែនិយាយការពិត ក៏អាចធ្វើឱ្យបរិយាកាសជុំវិញកាន់តែតានតឹង និងធ្វើឱ្យមនុស្សដទៃមានអារម្មណ៍អស់កម្លាំង។
ចុងក្រោយ ការមិនគិតអភិវឌ្ឍខ្លួនឯង ប៉ុន្តែបែរជារំពឹងឱ្យអ្នកដទៃត្រូវតែយល់ និងអត់ធ្មត់ចំពោះទម្លាប់ដដែលៗ អាចធ្វើឱ្យទំនាក់ទំនងចាប់ផ្តើមមានគម្លាត។ ទោះជាយ៉ាងណា ទម្លាប់ទាំងនេះមិនមានន័យថាមនុស្សម្នាក់ជាមនុស្សអាក្រក់ទេ ហើយអាចកែប្រែបាន ប្រសិនបើយើងចាប់ផ្តើមស្តាប់អ្នកដទៃ គោរពព្រំដែន និងទទួលខុសត្រូវចំពោះផ្នែករបស់ខ្លួន។ ការកែប្រែតូចៗខ្លះ អាចធ្វើឱ្យអ្នកជុំវិញមានអារម្មណ៍ស្រួលចិត្ត និងធ្វើឱ្យទំនាក់ទំនងកាន់តែប្រសើរឡើង៕