យោងតាមការចុះផ្សាយពីប្រភពបរទេស ថ្លើមជាសរីរាង្គសំខាន់មួយក្នុងការរំលាយអាហារ និងដំណើរការសារធាតុផ្សេងៗក្នុងរាងកាយ។ ការញ៉ាំអាហារមានតុល្យភាពជាប្រចាំ គឺជាផ្នែកសំខាន់ក្នុងការថែរក្សាសុខភាពថ្លើម។ ក្នុងចំណោមអាហារដែលមានសារធាតុប្រឆាំងអុកស៊ីតកម្ម និងជាតិសរសៃ មានអាហារ ៤មុខដែលអាចជួយគាំទ្រមុខងារថ្លើម។
ទី១ គឺ កាហ្វេ។ ការសិក្សាមួយចំនួនបានរកឃើញថា ការផឹកកាហ្វេជាប្រចាំអាចពាក់ព័ន្ធនឹងការថយចុះខ្លាញ់ក្នុងថ្លើម និងហានិភ័យជំងឺថ្លើមរ៉ាំរ៉ៃ ក្រិនថ្លើម និងមហារីកថ្លើម។ ដើម្បីកុំបន្ថែមជាតិស្ករច្រើន គួរជ្រើសកាហ្វេខ្មៅ ឬកាហ្វេដែលមានជាតិស្ករតិច។
ទី២ គឺ បន្លែភ្លៅកង្កែប ដែលមានសារធាតុប្រឆាំងអុកស៊ីតកម្ម និងការរលាក។ អាចយកទៅធ្វើម្ហូប ស៊ុប ឬសាឡាត់បាន ហើយការញ៉ាំជាបន្លែទាំងមូលអាចទទួលបានជាតិសរសៃច្រើនជាងការច្របាច់យកតែទឹក។
ទី៣ គឺ ផ្លែទទឹម ដែលសម្បូរទៅដោយសារធាតុដែលមានលក្ខណៈប្រឆាំងអុកស៊ីតកម្ម និងការរលាក។ អាចញ៉ាំគ្រាប់ផ្លែទទឹមដោយផ្ទាល់ ឬលាយជាមួយយ៉ាអួរ និងសាឡាត់ ដើម្បីបន្ថែមសារធាតុចិញ្ចឹមក្នុងរបបអាហារ។ ចំណែកទី៤ គឺ ទំពាំងបារាំង ដែលមានជាតិសរសៃ និងសារធាតុប្រឆាំងអុកស៊ីតកម្មមួយចំនួន ដែលអាចជួយគាំទ្រដល់ការផលិតទឹកប្រមាត់ និងការការពារកោសិកាថ្លើម។
ទោះជាយ៉ាងណា អាហារទាំងនេះមិនមែនជាឱសថសម្រាប់ព្យាបាលជំងឺថ្លើមទេ។ ការរក្សាទម្ងន់ឱ្យសមស្រប ញ៉ាំបន្លែ ផ្លែឈើ និងអាហារមិនសូវកែច្នៃ ហាត់ប្រាណជាប្រចាំ និងកាត់បន្ថយការផឹកស្រា គឺជាវិធីសំខាន់ក្នុងការថែរក្សាសុខភាពថ្លើម៕