យោងតាមការចុះផ្សាយពីប្រភពបរទេស មនុស្សជាច្រើនគិតថា កាហ្វេដែលមានពណ៌ខ្មៅខ្លាំង រសជាតិចត់ខ្លាំង និងមានអារម្មណ៍ថា «ខ្លាំង» គឺប្រាកដជាមានកាហ្វេអ៊ីនខ្ពស់។ ប៉ុន្តែជាក់ស្តែង ភាពខ្លាំងនៃរសជាតិមិនអាចបញ្ជាក់បានថា កាហ្វេនោះមានកាហ្វេអ៊ីនច្រើនប៉ុណ្ណានោះទេ។
បរិមាណកាហ្វេអ៊ីនក្នុងមួយកែវ អាស្រ័យលើកត្តាជាច្រើន ដូចជា ប្រភេទគ្រាប់កាហ្វេ បរិមាណគ្រាប់កាហ្វេដែលប្រើ វិធីឆុង និងទំហំកែវ។ ជាទូទៅ គ្រាប់ Robusta មានកាហ្វេអ៊ីនខ្ពស់ជាង Arabica ដូច្នេះកាហ្វេដែលមានរសជាតិប្រហាក់ប្រហែលគ្នា ក៏អាចមានកម្រិតកាហ្វេអ៊ីនខុសគ្នាដែរ។
សូម្បីតែកាហ្វេដែលមានរសជាតិខ្លាំងក៏មិនមានន័យថាមានកាហ្វេអ៊ីនច្រើនជាងគេដែរ។ ដូចគ្នានេះ Espresso ក៏មិនចាំបាច់មានកាហ្វេអ៊ីនច្រើនជាងកាហ្វេប្រភេទផ្សេងទៀតទេ ព្រោះការប្រៀបធៀបគួរពិនិត្យតាមបរិមាណកាហ្វេអ៊ីនក្នុងមួយកែវ និងបរិមាណកាហ្វេដែលប្រើ មិនមែនមើលតែរសជាតិ «ខ្លាំង» ឡើយ។
បើចង់ដឹងថាកាហ្វេមួយកែវមានកាហ្វេអ៊ីនប៉ុន្មាន គួរយកចិត្តទុកដាក់លើប្រភេទគ្រាប់ បរិមាណកាហ្វេ ចំនួន Shot វិធីឆុង និងទំហំកែវ។ សូម្បីតែកាហ្វេមានរសជាតិស្រាល ឬលាយទឹកដោះគោក៏អាចមានកាហ្វេអ៊ីនច្រើន ប្រសិនបើប្រើ Espresso ច្រើន Shot។
កាហ្វេអ៊ីនអាចជួយឱ្យមានអារម្មណ៍ស្វាង និងកាត់បន្ថយភាពងងុយ ប៉ុន្តែមនុស្សម្នាក់ៗមានភាពខុសគ្នាចំពោះកាហ្វេអ៊ីន។ ប្រសិនបើផឹកកាហ្វេហើយមានបេះដូងដើរលឿន ភ័យស្លន់ស្លោ ឬគេងមិនលក់ គួរកាត់បន្ថយបរិមាណ និងជៀសវាងផឹកជិតម៉ោងចូលគេង។ ដូច្នេះ កុំវាស់កម្រិតកាហ្វេអ៊ីនតាមភាពជូរចត់ ឬភាពខ្លាំងនៃរសជាតិតែមួយមុខ៕