អាការឈឺក្បាលញឹកញាប់ អស់កម្លាំងទោះបីជាបានគេងគ្រប់គ្រាន់ និងមានអារម្មណ៍ស្ពឹកស្រពន់ ឬកន្ត្រាក់សាច់ដុំដៃជើង មិនមែនជារឿងចៃដន្យឡើយ។ នៅក្នុងវិស័យវេជ្ជសាស្ត្រ រោគសញ្ញាទាំងនេះច្រើនតែជាសញ្ញាអាសន្នបញ្ជាក់ថា រាងកាយរបស់អ្នកកំពុងខ្វះខាត «ម៉ាញ៉េស្យូម (Magnesium)» ដែលជាជាតិរ៉ែដ៏សំខាន់ជួយទ្រទ្រង់ដំណើរការកោសិកាជាង ៣០០ មុខងារក្នុងខ្លួន។
ហេតុអ្វីបានជាការខ្វះម៉ាញ៉េស្យូមបង្កឱ្យមានរោគសញ្ញាទាំងនេះ?
ឈឺក្បាល ឬឈឺប្រកាំង (Migraine)៖ ម៉ាញ៉េស្យូមជួយគ្រប់គ្រងការកន្ត្រាក់ និងសម្រួលសរសៃឈាមនៅក្នុងខួរក្បាល។ កាលណាកម្រិតរ៉ែនេះធ្លាក់ចុះ សរសៃឈាមខួរក្បាលនឹងកន្ត្រាក់រួមតូចខុសប្រក្រតី បង្កឱ្យមានសម្ពាធ និងការឈឺក្បាលជាប់រហូត។
អស់កម្លាំង គ្មានថាមពល (Fatigue)៖ រ៉ែប្រភេទនេះដើរតួជាកាតាលីករជំរុញការផលិតម៉ូលេគុលថាមពល ATP ក្នុងកោសិកា។ កាលណាខ្វះវា រាងកាយមិនអាចបំប្លែងចំណីអាហារទៅជាថាមពលបានពេញលេញឡើយ ដែលបណ្ដាលឱ្យឆាប់អស់កម្លាំង និងងងុយដេកពេញមួយថ្ងៃ។
ស្ពឹកដៃជើង និងរមួលក្រពើ (Cramps & Numbness)៖ ម៉ាញ៉េស្យូមធ្វើការជាមួយកាល់ស្យូម ដើម្បីបញ្ជាចរន្តប្រសាទ និងសម្រួលសាច់ដុំ។ នៅពេលគ្មានម៉ាញ៉េស្យូមគ្រប់គ្រាន់ ប្រព័ន្ធប្រសាទនឹងរំញោចខ្លាំងជ្រុល បង្កជាអាការស្ពឹកស្រពន់ ស្រៀវស្រាញ ឬកន្ត្រាក់សាច់ដុំខុសធម្មតា។
+វិធីសាស្រ្តកែប្រែទម្លាប់ដើម្បីការពារការបាត់បង់ម៉ាញ៉េស្យូម
កាត់បន្ថយភេសជ្ជៈផ្អែមខ្លាំង និងកាហ្វេអ៊ីនលើសកម្រិត៖ ការញ៉ាំជាតិស្ករច្រើន និងកាហ្វេលើសពី ២ កែវក្នុងមួយថ្ងៃ អាចជំរុញឱ្យតម្រងនោមបញ្ចេញជាតិម៉ាញ៉េស្យូមចោលតាមទឹកនោមច្រើនជាងធម្មតា។
កាត់បន្ថយស្រា និងគ្រឿងស្រវឹង៖ ជាតិអាល់កុលជាកត្តាចម្បងដែលរារាំងពោះវៀនមិនឱ្យស្រូបយកជាតិរ៉ែចូលក្នុងរាងកាយ។
បន្ថែមបន្លែបៃតងយ៉ាងតិច ១ ចានរាល់ថ្ងៃ៖ ចម្អិនបន្លែដោយការស្ងោរ ឬចំហុយស្រាលៗ ដើម្បីកុំឱ្យបាត់បង់ជីវជាតិរ៉ែតាមរយៈកម្តៅខ្លាំង។