យោងតាមការចុះផ្សាយពីប្រភពបរទេស មនុស្សជាច្រើនចាប់ផ្តើមព្រឹករបស់ខ្លួនដោយកាហ្វេ ដើម្បីជួយឱ្យមានអារម្មណ៍ស្វាង និងមានថាមពល។ ប៉ុន្តែកាហ្វេអ៊ីនអាចផ្តល់ភាពស្វាងជាបណ្តោះអាសន្នប៉ុណ្ណោះ ខណៈការហត់នឿយនៅពេលព្រឹកអាចពាក់ព័ន្ធនឹងការគេងមិនគ្រប់ ការខ្វះជាតិទឹក ឬការមិនទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់។
វិធីទី១ គឺ បន្ថែមប្រូតេអ៊ីនល្អក្នុងអាហារពេលព្រឹក។ ការផឹកតែកាហ្វេ ឬញ៉ាំអាហារដែលមានកាបូអ៊ីដ្រាតចម្រាញ់ច្រើន អាចធ្វើឱ្យជាតិស្ករក្នុងឈាមឡើងលឿន ហើយធ្លាក់ចុះវិញ ដែលអាចធ្វើឱ្យងងុយ និងអស់កម្លាំងមុនពេលថ្ងៃត្រង់។ អាហារដូចជា ស៊ុតទឹកដាំ ទឹកសណ្តែកគ្មានជាតិស្ករ ឬយ៉ាអួរ Greek អាចជាជម្រើសប្រូតេអ៊ីនល្អសម្រាប់ពេលព្រឹក។
វិធីទី២ គឺ ផឹកទឹកឱ្យបានទៀងទាត់។ ការខ្វះជាតិទឹក ទោះបីបន្តិចក៏ដោយ អាចប៉ះពាល់ដល់ការផ្តោតអារម្មណ៍ ការគិត និងភាពស្វាងរបស់រាងកាយ។ ដូច្នេះ មិនគួររង់ចាំដល់ស្រេកទឹកខ្លាំងទើបផឹកទេ ប៉ុន្តែគួរផឹកទឹកបន្តិចៗជាប្រចាំក្នុងមួយថ្ងៃ ជំនួសការផឹកច្រើនក្នុងពេលតែមួយ។
វិធីទី៣ គឺ ទទួលពន្លឺព្រះអាទិត្យពេលព្រឹក និងកាត់បន្ថយការមើលទូរស័ព្ទភ្លាមៗក្រោយភ្ញាក់។ ការទទួលពន្លឺធម្មជាតិពេលព្រឹកអាចជួយកំណត់នាឡិកាជីវសាស្ត្រ និងជួយឱ្យរាងកាយដឹងថាដល់ពេលចាប់ផ្តើមថ្ងៃថ្មី។ អ្នកអាចបើកវាំងនន ចេញដើរខាងក្រៅបន្តិច និងដកដង្ហើមជ្រៅៗ មុនពេលចាប់ផ្តើមប្រើទូរស័ព្ទ។
សរុបមក ប្រសិនបើភ្ញាក់ពីគេងហើយមានអារម្មណ៍ហត់នឿយ មិនចាំបាច់ប្រញាប់ពឹងកាហ្វេជានិច្ចទេ។ ការញ៉ាំអាហារពេលព្រឹកមានប្រូតេអ៊ីនល្អ ផឹកទឹកឱ្យគ្រប់ និងទទួលពន្លឺធម្មជាតិពេលព្រឹក អាចជាទម្លាប់សាមញ្ញដែលជួយឱ្យរាងកាយ និងខួរក្បាលមានភាពស្វាងល្អជាងមុន៕