យោងតាមការចុះផ្សាយពីប្រភពបរទេស ក្រូចឆ្មារមានកាឡូរីទាប និងសម្បូរវីតាមីន C ប៉ូតាស្យូម ម៉ាញេស្យូម កាល់ស្យូម និងសារធាតុចិញ្ចឹមមួយចំនួនទៀត។ វាក៏មានជាតិសរសៃ និងអាចជួយបំពេញជាតិទឹក ដូច្នេះការបន្ថែមក្រូចឆ្មារក្នុងរបបអាហារដែលមានតុល្យភាព អាចជាជម្រើសល្អសម្រាប់សុខភាពទូទៅ។
ប៉ុន្តែការញ៉ាំ ឬផឹកទឹកក្រូចឆ្មារច្រើន មិនអាចដុតខ្លាញ់ ឬធ្វើឱ្យស្រកទម្ងន់យ៉ាងលឿនដោយអស្ចារ្យបានទេ។ រាងកាយមានប្រព័ន្ធធម្មជាតិ ដូចជា ថ្លើម និងតម្រងនោម សម្រាប់កែច្នៃ និងបញ្ចេញសារធាតុដែលរាងកាយមិនត្រូវការ ដូច្នេះមិនចាំបាច់ពឹងលើទឹកក្រូចឆ្មារដើម្បី “បន្សាបជាតិពុល” ឡើយ។
ការទទួលទានក្រូចឆ្មារច្រើនពេកក៏អាចបង្កបញ្ហាមួយចំនួន ដោយសារអាស៊ីតស៊ីទ្រិកអាចធ្វើឱ្យស្រទាប់ការពារធ្មេញខូច និងអាចរំខានមាត់ ឬក្រពះ ជាពិសេសអ្នកដែលមានដំបៅក្រពះ ឬបញ្ហាច្រាលអាស៊ីតក្រពះគួរប្រុងប្រយ័ត្នចំពោះផ្លែឈើជូរ។
ចំពោះអ្នកដែលយកតែទឹកក្រូចឆ្មារមកជំនួសអាហារ ដើម្បីសម្រកទម្ងន់ ទោះបីអាចធ្វើឱ្យទទួលកាឡូរីតិច និងទម្ងន់ធ្លាក់ចុះក៏ដោយ វាអាចធ្វើឱ្យរាងកាយខ្វះប្រូតេអ៊ីន និងសារធាតុចិញ្ចឹមសំខាន់ៗ។ ប្រសិនបើធ្វើជាប្រចាំ អាចនាំឱ្យបាត់បង់សាច់ដុំ និងប៉ះពាល់ដល់សុខភាពរយៈពេលវែង។
សរុបមក ក្រូចឆ្មារអាចជាផ្នែកមួយនៃរបបអាហារដែលមានសុខភាពល្អ ប៉ុន្តែមិនមែនជាអាហារ “ដុតខ្លាញ់” ឬវិធីសម្រកទម្ងន់លឿននោះទេ។ ប្រសិនបើចង់ស្រកទម្ងន់ គួរផ្តោតលើការញ៉ាំអាហារមានតុល្យភាព គ្រប់គ្រងបរិមាណកាឡូរី និងធ្វើសកម្មភាពរាងកាយជាប្រចាំ ជាជាងពឹងផ្អែកលើក្រូចឆ្មារតែមួយមុខ៕