មនុស្សភាគច្រើនតែងគិតថា ការហាត់ប្រាណដើម្បីទទួលបានសុខភាពល្អ ទាមទារពេលវេលាច្រើនម៉ោងនៅក្លឹបហាត់ប្រាណ ឬការលើកទម្ងន់ធ្ងន់ៗ។ តាមការពិត ពេលវេលាត្រឹមតែ ១៥ នាទីក្នុងមួយថ្ងៃ ក៏គ្រប់គ្រាន់ក្នុងការផ្លាស់ប្តូរជីវិត និងបង្កើតខែលការពាររាងកាយយ៉ាងរឹងមាំ ប្រៀបដូចជាថ្នាំទិព្វធម្មជាតិដែលមិនបាច់ចំណាយប្រាក់សូម្បីមួយរៀល។
ពង្រឹងកម្លាំងបេះដូង និងការពារសរសៃឈាម បេះដូងប្រៀបដូចជាម៉ាស៊ីនបូមឈាមនៃរាងកាយទាំងមូល។ ការធ្វើចលនាកម្រិតមធ្យមត្រឹមតែ ១៥ នាទី មិនថាការដើរលឿន រត់ត្រឹកៗ លោតអន្ទាក់ ឬជិះកង់នោះទេ គឺគ្រប់គ្រាន់ក្នុងការ៖
-ជំរុញចរន្តឈាមរត់ឱ្យដំណើរការរលូនកាត់បន្ថយការកកស្ទះ
-បញ្ចុះសម្ពាធឈាម និងកម្រិតកូឡេស្តេរ៉ូលអាក្រក់ក្នុងសរសៃឈាម
-ពង្រឹងសាច់ដុំបេះដូងឱ្យដំណើរការកាន់តែរឹងមាំ កាត់បន្ថយហានិភ័យនៃជំងឺគាំងបេះដូងបានយ៉ាងច្រើន
កម្ចាត់ស្ត្រេស និងបញ្ចូលថាមពលផ្លូវចិត្ត ក្រោយពីការធ្វើការ ឬសិក្សាដ៏ហត់នឿយពេញមួយថ្ងៃ ខួរក្បាលតែងប្រឈមនឹងសម្ពាធផ្លូវចិត្តខ្ពស់។ នៅពេលចាប់ផ្តើមធ្វើចលនារាងកាយរយៈពេល ១៥ នាទី ខួរក្បាលនឹងបញ្ចេញអ័រម៉ូនរីករាយពីរប្រភេទសំខាន់ៗ គឺ Endorphin និង Dopamine។ អ័រម៉ូនទាំងនេះដើរតួនាទីជាថ្នាំបំបាត់ការឈឺចាប់ និងបំបាត់ភាពតានតឹងបែបធម្មជាតិ ជួយឱ្យអារម្មណ៍ស្រឡះ រំសាយការថប់បារម្ភ និងជួយឱ្យការគេងពេលយប់កាន់តែលក់ស្រួលស្កប់ស្កល់។
វិធីសាស្ត្រងាយៗដើម្បីអនុវត្ត ១៥ នាទីក្នុងមួយថ្ងៃ ជ្រើសរើសចលនាដែលចូលចិត្ត៖ ដើរលឿនជុំវិញផ្ទះ យូហ្គាស្រាលៗ ឬរាំតាមចង្វាក់ភ្លេង
បំបែកពេលបត់បែន៖ ប្រសិនបើគ្មានពេលជាប់គ្នា ១៥ នាទី អាចបំបែកជា ៥ នាទីពេលព្រឹក ៥ នាទីពេលថ្ងៃត្រង់ និង ៥ នាទីពេលល្ងាច
រក្សាភាពខ្ជាប់ខ្ជួន៖ ការធ្វើបន្តិចម្តងៗជារៀងរាល់ថ្ងៃ មានប្រសិទ្ធភាពជាងការហាត់យូរតែម្តងម្កាល
ការវិនិយោគលើសុខភាពមិនត្រូវការលុយកាក់រាប់ពាន់ដុល្លារនោះទេ គឺទាមទារត្រឹមតែការលះបង់ពេលវេលា ១៥ នាទីក្នុងមួយថ្ងៃដើម្បីខ្លួនឯង។ ផ្ដើមធ្វើចលនាពីថ្ងៃនេះ ដើម្បីបេះដូងមានសុខភាពល្អ និងជីវិតពោរពេញដោយភាពស្រស់បំព្រង។