យោងតាមការចុះផ្សាយពីប្រភពបរទេស សម្រាប់អ្នកដែលផឹកកាហ្វេជាប្រចាំ ការកាត់បន្ថយ ឬឈប់ផឹកកាហ្វេ អាចនាំឱ្យមានការផ្លាស់ប្តូរមួយចំនួនចំពោះរាងកាយ ជាពិសេសប្រសិនបើអ្នកទទួលជាតិកាហ្វេអ៊ីនក្នុងបរិមាណច្រើន។ អត្ថប្រយោជន៍អាចខុសគ្នាទៅតាមមនុស្សម្នាក់ៗ។
ការកាត់បន្ថយកាហ្វេអ៊ីនអាចជួយឱ្យមនុស្សមួយចំនួនមានអារម្មណ៍ ថប់បារម្ភ ឬញ័រខ្លួនតិចជាងមុន ព្រោះកាហ្វេអ៊ីនអាចធ្វើឱ្យបេះដូងលោតលឿន និងមានអារម្មណ៍មិនស្ងប់ ជាពិសេសចំពោះអ្នកដែលងាយប្រតិកម្មនឹងកាហ្វេអ៊ីន។
ការឈប់ ឬកាត់បន្ថយកាហ្វេក៏អាចជួយ កែលម្អគុណភាពនៃការគេង ប្រសិនបើកាហ្វេអ៊ីនជាមូលហេតុរំខានដល់ការគេង។ កាហ្វេអ៊ីនអាចនៅមានឥទ្ធិពលជាច្រើនម៉ោងក្រោយពេលផឹក ដូច្នេះអ្នកដែលគេងមិនសូវលក់អាចសាកល្បងជៀសវាងកាហ្វេនៅពេលរសៀល ឬល្ងាច។
ចំពោះការបត់ជើងតូច កាហ្វេអ៊ីនអាចជំរុញការបញ្ចេញទឹកនោម និងធ្វើឱ្យមនុស្សមួយចំនួន ចង់ចូលបង្គន់ញឹកញាប់ជាងមុន។ ដូច្នេះ ការកាត់បន្ថយកាហ្វេអ៊ីនអាចជួយកាត់បន្ថយបញ្ហានេះចំពោះអ្នកដែលងាយប្រតិកម្ម។
សម្រាប់ស្ត្រីមួយចំនួន ការកាត់បន្ថយកាហ្វេអ៊ីនអាចជួយ បន្ថយភាពឈឺ ឬតឹងណែនសុដន់ ដែលកើតឡើងជុំវិញរដូវ។ ទោះជាយ៉ាងណា មិនគួរចាត់ទុកកាហ្វេអ៊ីនជាមូលហេតុតែមួយនៃការឈឺសុដន់ទេ ព្រោះបញ្ហានេះអាចមានមូលហេតុជាច្រើន។
លើសពីនេះ ការកាត់បន្ថយកាហ្វេអាចមានប្រយោជន៍ចំពោះ ការស្រូបយកជាតិដែក ប្រសិនបើអ្នកធ្លាប់ផឹកកាហ្វេជាមួយអាហារ ព្រោះសារធាតុមួយចំនួនក្នុងកាហ្វេអាចរំខានដល់ការស្រូបយកជាតិដែកពីអាហារ។ ទោះជាយ៉ាងណា មិនមានន័យថាមនុស្សគ្រប់គ្នាត្រូវឈប់ផឹកកាហ្វេទាំងស្រុងទេ។ សម្រាប់មនុស្សភាគច្រើន ការផឹកក្នុងបរិមាណសមស្រប និងមិនផឹកជិតពេលគេង គឺជាវិធីសមរម្យជាង៕