យោងតាមការចុះផ្សាយពីប្រភពបរទេស ជំងឺខ្លាញ់រុំថ្លើម ជាបញ្ហាសុខភាពដែលពាក់ព័ន្ធនឹងការប្រមូលផ្តុំជាតិខ្លាញ់ច្រើននៅក្នុងថ្លើម ហើយជាញឹកញាប់ពាក់ព័ន្ធនឹងការលើសទម្ងន់ ជំងឺទឹកនោមផ្អែមប្រភេទទី២ និងបញ្ហាជាតិខ្លាញ់ក្នុងឈាម។ ការកែប្រែរបបអាហារ និងរបៀបរស់នៅ មានសារៈសំខាន់ក្នុងការគ្រប់គ្រងបញ្ហានេះ និងបន្ថយហានិភ័យការខូចថ្លើម។
គួរផ្តោតលើការកាត់បន្ថយ ខ្លាញ់ឆ្អែត និងខ្លាញ់បំលែង ហើយជ្រើសរើសខ្លាញ់ល្អក្នុងបរិមាណសមស្រប ដូចជា ប្រេងបន្លែ គ្រាប់ធញ្ញជាតិ និងត្រីខ្លាញ់ ដូចជា ត្រីសាលម៉ុន ត្រីម៉ាការ៉ែល និងត្រីសាឌីន ដែលសម្បូរអូមេហ្គា-៣។ គួរញ៉ាំបន្លែ គ្រាប់ធញ្ញជាតិពេញមូល និងសណ្តែកឱ្យបានទៀងទាត់ ព្រមទាំងផ្លែឈើស្រស់ក្នុងបរិមាណសមស្រប។
អ្វីដែលគួរកាត់បន្ថយជាពិសេស គឺ អាហារ និងភេសជ្ជៈមានជាតិស្ករខ្ពស់ ដូចជា ភេសជ្ជៈកំប៉ុង ភេសជ្ជៈផ្អែម តែផ្អែម ភេសជ្ជៈកីឡា និងទឹកផ្លែឈើដែលបន្ថែមស្ករ។ អាហាររហ័ស អាហារកែច្នៃ និងអាហារដែលមានខ្លាញ់ ឬអំបិលច្រើន ក៏គួរកាត់បន្ថយផងដែរ។
ចំពោះ គ្រឿងស្រវឹង គួរជៀសវាង ព្រោះអាចបង្កការខូចថ្លើម និងធ្វើឱ្យបញ្ហាថ្លើមកាន់តែធ្ងន់។ ការផឹកទឹកគ្រប់គ្រាន់ ក៏ជាផ្នែកមួយនៃរបៀបរស់នៅដែលល្អសម្រាប់សុខភាពទូទៅ ប៉ុន្តែមិនគួរយល់ថា ការផឹកទឹកច្រើនអាចព្យាបាលខ្លាញ់រុំថ្លើមបានទេ។
ក្រៅពីអាហារ ការរក្សាទម្ងន់ឱ្យសមស្រប ការហាត់ប្រាណយ៉ាងហោចណាស់ ៣០នាទីក្នុងមួយថ្ងៃ ប្រហែល ៥ថ្ងៃក្នុងមួយសប្តាហ៍ និងការគេងឱ្យបានប្រហែល ៧–៨ម៉ោងក្នុងមួយយប់ ក៏មានសារៈសំខាន់ដែរ។ អ្នកដែលមានខ្លាញ់រុំថ្លើមគួរតាមដានសុខភាពជាមួយគ្រូពេទ្យជាប្រចាំ និងអនុវត្តតាមការណែនាំរបស់អ្នកជំនាញ ដើម្បីការពារកុំឱ្យបញ្ហាវិវត្តទៅធ្ងន់៕