យោងតាមការចុះផ្សាយពីប្រភពបរទេស ពេលក្រោយការរួមភេទ គឺជាពេលដែលមនុស្សជាច្រើនមានអារម្មណ៍ងាយរងគ្រោះ និងត្រូវការភាពកក់ក្តៅពីដៃគូ។ ដូច្នេះ ពាក្យសម្តី ឬអាកប្បកិរិយាមួយចំនួននៅពេលនេះ អាចប៉ះពាល់ដល់អារម្មណ៍ និងទំនាក់ទំនងបាន ប្រសិនបើនិយាយដោយមិនគិត។
ការសួរភ្លាមៗថា «ខ្ញុំធ្វើបានល្អទេ?» ឬ «អ្នកដល់ចំណុចកំពូលទេ?» អាចធ្វើឱ្យដៃគូមានអារម្មណ៍ថាកំពុងត្រូវវាយតម្លៃ ជាជាងការចែករំលែកភាពស្និទ្ធស្នាល។ ដូច្នេះ គួរប្រែក្លាយការសួរទៅជាការស្តាប់ និងសួរដោយទន់ភ្លន់ថា តើដៃគូមានអារម្មណ៍យ៉ាងដូចម្តេច។
ការបែរខ្នងទៅដេកភ្លាមៗ ឬចាប់ទូរស័ព្ទមកប្រើ ដោយមិនអើពើនឹងដៃគូ ក៏អាចធ្វើឱ្យម្នាក់ទៀតមានអារម្មណ៍ថាត្រូវបានមិនអើពើ។ ផ្ទុយទៅវិញ ការឱប កាន់ដៃ សួរថាតើស្រួលខ្លួនឬអត់ ឬនិយាយពាក្យកក់ក្តៅខ្លីៗ អាចជួយបង្កើនអារម្មណ៍ជិតស្និទ្ធ និងសុវត្ថិភាពក្នុងទំនាក់ទំនង។
គួរជៀសវាងការរិះគន់រូបរាង ឬបង្ហាញការមិនពេញចិត្តចំពោះរាងកាយរបស់ដៃគូភ្លាមៗក្រោយពេលរួមភេទ។ ក៏ដូចជាការភ័យស្លន់ស្លោស្តីពីសុវត្ថិភាព ដូចជា បញ្ហាស្រោមអនាម័យ ប្រសិនបើមានការព្រួយបារម្ភ គួរនិយាយដោយស្ងប់ស្ងាត់ និងរួមគ្នារកដំណោះស្រាយ ជំនួសឱ្យការស្តីបន្ទោសគ្នា។
ចុងក្រោយ គួរជៀសវាងការប្រញាប់និយាយអំពីការរួមភេទលើកក្រោយ ឬស្នើឱ្យសាកល្បងអ្វីថ្មីភ្លាមៗ ប្រសិនបើដៃគូមិនទាន់មានអារម្មណ៍ត្រៀមខ្លួន។ ការយកចិត្តទុកដាក់ សួរសុខទុក្ខ និងគោរពអារម្មណ៍របស់គ្នាទៅវិញទៅមកក្រោយពេលរួមភេទ គឺជាផ្នែកសំខាន់មួយនៃទំនាក់ទំនងដែលមានសុខភាពល្អ និងការយល់ចិត្តគ្នា៕