យោងតាមការចុះផ្សាយពីប្រភពបរទេស មនុស្សជាច្រើនធ្លាប់ឆ្ងល់ថា ផ្លែល្ហុងដែលគេយកទៅធ្វើបុកល្ហុង ឬញ៉ាំទុំជាផ្លែឈើ តើពិតជាជាបន្លែ ឬផ្លែឈើ? តាមទស្សនៈវិទ្យាសាស្ត្រ ផ្លែល្ហុងគឺជា ផ្លែឈើ ព្រោះវាកើតចេញពីផ្កា និងមានគ្រាប់នៅខាងក្នុង។
តាមរុក្ខវិទ្យា ផ្លែល្ហុងមានឈ្មោះវិទ្យាសាស្ត្រ Carica papaya ហើយត្រូវបានចាត់ទុកជាប្រភេទផ្លែមានសាច់ និងគ្រាប់ជាច្រើន ដែលមានលក្ខណៈស្រដៀងនឹងប៉េងប៉ោះ ត្រសក់ និងម្ទេស។
ប៉ុន្តែក្នុងជីវិតប្រចាំថ្ងៃ ផ្លែល្ហុងអាចត្រូវបានប្រើទាំងជាបន្លែ និងជាផ្លែឈើ។ ផ្លែល្ហុងទុំ មានរសជាតិផ្អែម និងត្រូវបានញ៉ាំស្រស់ ឬធ្វើជាភេសជ្ជៈ ខណៈ ផ្លែល្ហុងខ្ចី មានសាច់រឹង និងត្រូវបានយកទៅធ្វើបុកល្ហុង សម្ល ឬម្ហូបផ្សេងៗ។
មូលហេតុដែលមនុស្សងាយច្រឡំ គឺដោយសារការហៅថា «បន្លែ» ឬ «ផ្លែឈើ» ក្នុងជីវិតប្រចាំថ្ងៃ តែងផ្អែកលើរបៀបប្រើប្រាស់ និងរសជាតិ។ ដូច្នេះ ផ្លែល្ហុងខ្ចីអាចត្រូវបានចាត់ទុកជាបន្លែក្នុងការចម្អិនម្ហូប ខណៈផ្លែល្ហុងទុំត្រូវបានញ៉ាំជាផ្លែឈើ។
សរុបមក តាមវិទ្យាសាស្ត្រ ផ្លែល្ហុងគឺជាផ្លែឈើ ប៉ុន្តែក្នុងផ្ទះបាយ វាអាចដើរតួជាបន្លែ ឬផ្លែឈើ អាស្រ័យលើថាវាខ្ចី ឬទុំ និងរបៀបដែលយើងយកទៅប្រើប្រាស់៕