យោងតាមការចុះផ្សាយពីប្រភពបរទេស បញ្ហាទល់លាមកមិនមែនបណ្តាលមកពីការផឹកទឹកតិចតែប៉ុណ្ណោះទេ ប៉ុន្តែអាចពាក់ព័ន្ធនឹងការទទួលជាតិសរសៃមិនគ្រប់គ្រាន់ ការញ៉ាំបន្លែផ្លែឈើតិច និងការមិនសូវធ្វើចលនា។ ផ្លែឈើមួយចំនួនមានជាតិសរសៃ ទឹក និងសារធាតុចិញ្ចឹមដែលអាចជួយឱ្យលាមកទន់ និងងាយបន្ទោរបង់។
ផ្លែឈើដែលអាចជួយគាំទ្រដល់ការបន្ទោរបង់មានដូចជា ល្ហុងទុំ ព្រូនស្ងួត ផ្លែស្រកានាគ ត្របែក ក្រូច ផ្លែប៉ោម គីវី និងផ្លែសារី។ ក្នុងចំណោមនោះ ព្រូនស្ងួតមានជាតិសរសៃ និងសារធាតុ Sorbitol ដែលអាចជួយទាញទឹកចូលពោះវៀន ខណៈគីវីក៏មានការសិក្សាមួយចំនួនបង្ហាញថា អាចជួយបង្កើនភាពញឹកញាប់នៃការបន្ទោរបង់។
ដើម្បីទទួលបានអត្ថប្រយោជន៍ល្អ គួរញ៉ាំផ្លែឈើជាផ្លែទាំងមូល ជំនួសការផឹកទឹកផ្លែឈើ ហើយប្រសិនបើជាប្រភេទដែលអាចញ៉ាំសំបកបាន គួរលាងឱ្យស្អាតជាមុន។ ការផឹកទឹកឱ្យគ្រប់គ្រាន់ ការធ្វើចលនា និងការមិនទប់ការបន្ទោរបង់ ក៏ជួយដល់ប្រព័ន្ធរំលាយអាហារផងដែរ។
បើញ៉ាំផ្លែឈើជាប្រចាំហើយនៅតែទល់លាមក អាចមានមូលហេតុផ្សេងទៀត ដូចជាផឹកទឹកមិនគ្រប់ ធ្វើចលនាតិច ផលរំខានពីថ្នាំមួយចំនួន ឬបញ្ហាប្រព័ន្ធរំលាយអាហារ។ ដូច្នេះ មិនគួរពឹងផ្អែកលើផ្លែឈើតែមួយមុខដើម្បីដោះស្រាយបញ្ហាទេ។
ប្រសិនបើទល់លាមកបន្តលើសពី ២–៣សប្តាហ៍ ឬមានឈាមក្នុងលាមក ស្រកទម្ងន់ដោយមិនដឹងមូលហេតុ ឬឈឺពោះខ្លាំង គួរទៅពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីស្វែងរកមូលហេតុឱ្យបានច្បាស់៕