យោងតាមការចុះផ្សាយពីប្រភពបរទេស សុខភាពសក់មិនពឹងផ្អែកតែលើផលិតផលថែសក់ទេ ប៉ុន្តែអាហារដែលយើងទទួលទានក៏មានសារៈសំខាន់ដែរ។ រាងកាយត្រូវការប្រូតេអ៊ីន ជាតិដែក ស័ង្កសី អូមេហ្គា-៣ វីតាមីន និងសារធាតុចិញ្ចឹមផ្សេងៗ ដើម្បីគាំទ្រដល់ការលូតលាស់ និងភាពរឹងមាំរបស់សក់។
អាហារដែលអាចបញ្ចូលក្នុងរបបអាហារមានដូចជា ត្រីសមុទ្រដែលមានខ្លាញ់ល្អ ស៊ុត បន្លែស្លឹកបៃតង គ្រាប់ធញ្ញជាតិ និងគ្រាប់ពូជ ដំឡូងជ្វា ផ្លែប៊ឺរី ផ្លែបឺរ អយស្ទ័រ សាច់ ម្ទេសផ្អែម និងយ៉ាអួរ។ អាហារទាំងនេះផ្តល់សារធាតុចិញ្ចឹមផ្សេងៗដែលរាងកាយត្រូវការសម្រាប់សុខភាពសក់។
ក្នុងចំណោមនេះ ត្រីសមុទ្រមានអូមេហ្គា-៣ និងប្រូតេអ៊ីន ខណៈស៊ុតសម្បូរប្រូតេអ៊ីន និងសារធាតុចិញ្ចឹមមួយចំនួន។ បន្លែស្លឹកបៃតង ផ្លែប៊ឺរី និងម្ទេសផ្អែមផ្តល់វីតាមីន និងសារធាតុប្រឆាំងអុកស៊ីតកម្ម ខណៈគ្រាប់ធញ្ញជាតិ ផ្លែបឺរ និងអយស្ទ័រផ្តល់សារធាតុរ៉ែ និងខ្លាញ់ល្អដែលអាចជួយគាំទ្រសុខភាពទូទៅ។
ទោះជាយ៉ាងណា មិនមានអាហារមួយមុខណាដែលអាចធានាថានឹងធ្វើឱ្យសក់ដុះលឿន ឬបញ្ឈប់ការជ្រុះសក់បានទេ។ ការទទួលទានអាហារមានសារធាតុចិញ្ចឹមគ្រប់គ្រាន់មានសារៈសំខាន់ជាពិសេសនៅពេលរាងកាយខ្វះសារធាតុចិញ្ចឹមមួយចំនួន ប៉ុន្តែអាយុ ហ្សែន ថ្នាំមួយចំនួន និងសុខភាពទូទៅក៏អាចប៉ះពាល់ដល់សក់ផងដែរ។
ប្រសិនបើមានបញ្ហាសក់ជ្រុះខ្លាំង សក់ស្តើង ឬជ្រុះជាបន្តបន្ទាប់ ទោះបីបានកែប្រែរបបអាហារហើយក៏ដោយ គួរពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីស្វែងរកមូលហេតុពិតប្រាកដ ជាជាងពឹងផ្អែកលើអាហារ ឬអាហារបំប៉នតែមួយមុខ៕