យោងតាមការចុះផ្សាយពីប្រភពបរទេស មនុស្សមួយចំនួនអាចមានអារម្មណ៍ថា ការដេកលើកដៃទាំងពីរឡើងលើក្បាល ជួយឱ្យរាងកាយធូរស្រាល និងគេងលក់ងាយជាងមុន។ ទីតាំងនេះអាចធ្វើឱ្យទ្រូងបើក និងអ្នកខ្លះមានអារម្មណ៍ថាដកដង្ហើមបានស្រួលជាងមុន ជាពិសេសអ្នកដែលមានអាការៈតឹងច្រមុះ ឬគេងស្រមុក។
ទោះជាយ៉ាងណា ការរក្សាដៃនៅពីលើក្បាលរយៈពេលជាច្រើនម៉ោងរាល់យប់ អាចបង្កសម្ពាធលើសាច់ដុំ និងសរសៃពួរជុំវិញស្មា។ ប្រសិនបើធ្វើជាប្រចាំ អាចបណ្តាលឱ្យឈឺស្មា លើកដៃពិបាក ឬមានអារម្មណ៍តឹងនៅស្មា និងក។
ក្រៅពីនេះ មនុស្សខ្លះអាចភ្ញាក់ពីគេងដោយមានអារម្មណ៍ដៃស្ពឹក តឹង ឬធ្ងន់ ដោយសារទីតាំងដេកអាចប៉ះពាល់ដល់សរសៃប្រសាទ ឬលំហូរឈាម។ អ្នកដែលមានបញ្ហាស្មា ក ឬសរសៃឈាម គួរប្រុងប្រយ័ត្នជាងមុន និងមិនគួរបង្ខំខ្លួនឱ្យដេកក្នុងទីតាំងដែលបង្កការឈឺចាប់។
ជាទូទៅ ទីតាំងដេកល្អគឺទីតាំងដែលធ្វើឱ្យសាច់ដុំ និងសន្លាក់សម្រាក ដោយរក្សាក និងខ្នងឱ្យស្ថិតក្នុងធម្មជាតិ។ អ្នកដេកផ្ងារ អាចដាក់ដៃស្រួលៗតាមដងខ្លួន ឬលើពោះ ខណៈអ្នកដេកចំហៀង គួរប្រើខ្នើយដែលមានកម្ពស់សមស្រប ដើម្បីកុំឱ្យកោងក។
សរុបមក ទម្លាប់ដេកលើកដៃពីលើក្បាល អាចធ្វើឱ្យមនុស្សខ្លះមានអារម្មណ៍ស្រួលក្នុងរយៈពេលខ្លី ប៉ុន្តែមិនមែនជាទីតាំងល្អសម្រាប់មនុស្សគ្រប់គ្នារយៈពេលវែងទេ។ ប្រសិនបើមានការឈឺស្មា ស្ពឹកដៃ ឈឺក ឬលើកដៃពិបាកជាប់រហូត គួរពិនិត្យរកមូលហេតុជាមួយអ្នកជំនាញសុខភាព៕