យោងតាមការចុះផ្សាយពីប្រភពបរទេស បុរសមួយចំនួនជ្រើសរើសវិធីដកលិង្គចេញមុនបញ្ចេញទឹកកាម ដោយគិតថាអាចជួយជៀសវាងការមានផ្ទៃពោះបាន។ ប៉ុន្តែវិធីនេះមិនមែនជាវិធីការពារដែលអាចទុកចិត្តបានឡើយ ហើយក៏មិនអាចការពារជំងឺឆ្លងតាមផ្លូវភេទបានដែរ។
មូលហេតុគឺការដកចេញឱ្យទាន់ពេលអាស្រ័យលើការគ្រប់គ្រងពេលវេលារបស់បុរស ហើយអាចមានកំហុសបាន។ លើសពីនេះ ទឹករំអិលមុនបញ្ចេញទឹកកាមអាចមានមេជីវិតឈ្មោលនៅក្នុងករណីខ្លះ ដូច្នេះហានិភ័យនៃការមានផ្ទៃពោះនៅតែមាន។
ការព្យាយាមប្រញាប់ប្រញាល់ដកចេញមុនបញ្ចេញទឹកកាម ក៏អាចធ្វើឱ្យមានភាពតានតឹង និងប៉ះពាល់ដល់អារម្មណ៍ក្នុងពេលរួមភេទ។ ប្រសិនបើមានបញ្ហាដូចជា បញ្ចេញទឹកកាមលឿន លិង្គមិនរឹងល្អ ឬពិបាកបញ្ចេញទឹកកាមជាបន្តបន្ទាប់ មិនគួរសន្និដ្ឋានថាបណ្តាលមកពីវិធីដកចេញតែមួយមុខទេ ព្រោះអាចមានមូលហេតុជាច្រើន។
សម្រាប់អ្នកដែលចង់កាត់បន្ថយហានិភ័យនៃការមានផ្ទៃពោះ និងជំងឺឆ្លងតាមផ្លូវភេទ ការប្រើស្រោមអនាម័យឱ្យបានត្រឹមត្រូវ និងជាប់លាប់ គឺជាជម្រើសដែលគួរពិចារណា។ ដូច្នេះ បើចូលចិត្ត «ចាក់ទឹកក្រៅពាង» គួរយល់ថា វាមិនមានន័យថាសុវត្ថិភាពទាំងស្រុងឡើយ៕