យោងតាមការចុះផ្សាយពីប្រភពបរទេស សម្រាប់អ្នកដែលមិនសូវមានពេល ឬមិនទម្លាប់ហាត់ប្រាណ ការដើរអាចជាវិធីងាយស្រួលមួយក្នុងការបង្កើនសកម្មភាពរាងកាយប្រចាំថ្ងៃ ព្រោះមិនត្រូវការឧបករណ៍ពិសេស និងអាចកំណត់ល្បឿនឱ្យសមនឹងសមត្ថភាពរបស់ខ្លួន។
ការដើរជាប្រចាំអាចជួយពង្រឹងសុខភាពបេះដូង និងសរសៃឈាម ហើយក៏ជួយឱ្យសាច់ដុំជើង និងឆ្អឹងមានសកម្មភាព។ ប្រសិនបើដើរក្នុងល្បឿនមធ្យមដែលធ្វើឱ្យបេះដូងលោតលឿនបន្តិច ក៏អាចជួយបង្កើនការប្រើប្រាស់ថាមពលរបស់រាងកាយផងដែរ។
លើសពីនេះ ការដើរអាចជួយគ្រប់គ្រងទម្ងន់ ប្រសិនបើធ្វើរួមជាមួយការញ៉ាំអាហារមានតុល្យភាព។ ការចេញដើរផ្លាស់ប្តូរបរិយាកាសក៏អាចជួយបន្ធូរភាពតានតឹង និងធ្វើឱ្យអារម្មណ៍ប្រសើរឡើង។
អ្នកដែលទើបចាប់ផ្តើម មិនចាំបាច់បង្ខំខ្លួនឱ្យដើរយូរ ឬលឿនភ្លាមៗទេ។ អាចចាប់ផ្តើមពីរយៈពេលខ្លីក្នុងល្បឿនដែលអាចនិយាយបានស្រួល រួចបង្កើនរយៈពេល និងល្បឿនបន្តិចម្តងៗនៅពេលរាងកាយចាប់ផ្តើមស៊ាំ។
សំខាន់បំផុតគឺ ធ្វើឱ្យបានទៀងទាត់។ ការដើរដែលអាចធ្វើបានជាប្រចាំក្នុងរយៈពេលយូរ អាចមានប្រយោជន៍ចំពោះសុខភាពជាងការហាត់ប្រាណខ្លាំងៗតែរយៈពេលខ្លី៕