យោងតាមការចុះផ្សាយពីប្រភពបរទេស អ្នកជំងឺទឹកនោមផ្អែមមិនចាំបាច់ជៀសវាងផ្លែឈើទាំងអស់នោះទេ ប៉ុន្តែគួរជ្រើសរើសប្រភេទដែលមានជាតិស្ករ និងកាបូអ៊ីដ្រាតមិនខ្ពស់ ព្រមទាំងគ្រប់គ្រងបរិមាណឱ្យសមរម្យ។ ផ្លែឈើដែលអាចជ្រើសរើសបានរួមមាន ផ្លែបឺរ ក្រូចឆ្មារ រ៉ាស្បឺរី ស្ត្របឺរី ប្លែកបឺរី គីវី ក្រូចថ្លុង ឪឡឹក កាតាឡូប និងក្រូច។
ក្នុងចំណោមនេះ ផ្លែបឺរ មានជាតិស្ករទាប និងសម្បូរជាតិសរសៃ ព្រមទាំងខ្លាញ់ល្អ។ ចំណែក រ៉ាស្បឺរី ស្ត្របឺរី និងប្លែកបឺរី មានជាតិសរសៃ និងសារធាតុប្រឆាំងអុកស៊ីតកម្ម។ ផ្លែ គីវី ក្រូចថ្លុង និងក្រូច ក៏ផ្តល់វីតាមីន និងសារធាតុចិញ្ចឹមផ្សេងៗដែលមានប្រយោជន៍ដល់រាងកាយ។
សម្រាប់ ឪឡឹក និងកាតាឡូប ទោះមានរសជាតិផ្អែម ក៏អាចញ៉ាំបានដែរ ប៉ុន្តែគួរគ្រប់គ្រងបរិមាណ ព្រោះការញ៉ាំច្រើនពេកអាចបង្កើនការទទួលជាតិស្ករ និងកាបូអ៊ីដ្រាត។ អ្វីសំខាន់គឺមិនគួរញ៉ាំផ្លែឈើដោយគ្មានកំណត់ ដោយគ្រាន់តែគិតថាជាអាហារធម្មជាតិ។
គន្លឹះសំខាន់គឺ ញ៉ាំផ្លែឈើស្រស់ទាំងសាច់ និងជាតិសរសៃ ជំនួសការច្របាច់យកតែទឹក ព្រោះការរក្សាជាតិសរសៃអាចជួយបន្ថយល្បឿននៃការស្រូបយកជាតិស្ករ។ អាចញ៉ាំផ្លែឈើជាមួយប្រភពប្រូតេអ៊ីន ឬខ្លាញ់ល្អ ដូចជា គ្រាប់ធញ្ញជាតិ ឬយ៉ាអួរធម្មជាតិ ដើម្បីឱ្យអាហារមានតុល្យភាពជាងមុន។
ជាពិសេស គួរជៀសវាង ឬកាត់បន្ថយ ទឹកផ្លែឈើ ផ្លែឈើស្ងួត និងផ្លែឈើកំប៉ុងដែលមានស៊ីរ៉ូបន្ថែម ព្រោះអាចមានជាតិស្ករខ្ពស់។ អ្នកជំងឺទឹកនោមផ្អែមគួរយកចិត្តទុកដាក់ទាំងប្រភេទ និងបរិមាណផ្លែឈើ ហើយប្រសិនបើកំពុងប្រើថ្នាំ ឬមានបញ្ហាគ្រប់គ្រងជាតិស្ករ គួរពិគ្រោះជាមួយគ្រូពេទ្យ ឬអ្នកជំនាញអាហារូបត្ថម្ភអំពីបរិមាណដែលសមស្រប៕