យោងតាមការចុះផ្សាយពីប្រភពបរទេស មនុស្សជាច្រើនតែងយកចិត្តទុកដាក់លើការប្រែប្រួលនៃទឹកនោម នៅពេលសង្ស័យថាមានបញ្ហាតម្រងនោម។ ប៉ុន្តែការផ្លាស់ប្តូរខ្លះពេលដើរ ក៏អាចជាសញ្ញាដែលគួរឱ្យចាប់អារម្មណ៍ ដូចជា ដើរយឺតជាងមុន ជើងមានអារម្មណ៍ធ្ងន់ និងងាយហត់ខុសធម្មតា។
អាការៈផ្សេងទៀតដែលអាចកើតមាន រួមមាន ជំហានដើរខ្លីជាងមុន ដង្ហើមខ្លី ឬហត់លឿន និងដើរមិនសូវមានលំនឹង។ បញ្ហាទាំងនេះអាចពាក់ព័ន្ធនឹងការប្រែប្រួលនៃសារធាតុរាវ អេឡិចត្រូលីត សាច់ដុំ ឬភាពស្លេកស្លាំងដែលអាចកើតឡើងនៅពេលមុខងារតម្រងនោមចុះខ្សោយ។
មួយទៀតគឺ ស្ពឹក រមួល ឬមានអារម្មណ៍ចាក់ៗនៅបាតជើង ព្រមទាំងអស់កម្លាំងរហូតត្រូវឈប់សម្រាកញឹកញាប់ ទោះដើរបានចម្ងាយមិនឆ្ងាយក៏ដោយ។ ទោះជាយ៉ាងណា អាការៈទាំងនេះមិនមែនសុទ្ធតែបញ្ជាក់ថាជាជំងឺតម្រងនោមឡើយ ព្រោះអាចមានមូលហេតុផ្សេងៗទៀត។
ប្រសិនបើអាការៈខាងលើកើតឡើងជាបន្តបន្ទាប់ ឬកាន់តែធ្ងន់ ជាពិសេសប្រសិនបើមានការហើមជើង ការប្រែប្រួលទឹកនោម ឬអស់កម្លាំងខ្លាំង គួរទៅជួបគ្រូពេទ្យដើម្បីពិនិត្យ។ ការធ្វើតេស្តឈាម និងទឹកនោមអាចជួយវាយតម្លៃមុខងារតម្រងនោម និងរកមូលហេតុបានច្បាស់។
ដើម្បីថែរក្សាសុខភាពតម្រងនោម គួររក្សាទម្ងន់ឱ្យសមស្រប កាត់បន្ថយអំបិល និងអាហារកែច្នៃ គ្រប់គ្រងសម្ពាធឈាមនិងជាតិស្ករក្នុងឈាម ហាត់ប្រាណសមរម្យ និងជៀសវាងការប្រើថ្នាំដោយខ្លួនឯង ជាពិសេសថ្នាំបំបាត់ការឈឺចាប់មួយចំនួន។ ការពិនិត្យសុខភាពជាប្រចាំមានសារៈសំខាន់សម្រាប់ការរកឃើញបញ្ហាតម្រងនោមបានឆាប់៕