យោងតាមការចុះផ្សាយពីប្រភពបរទេស តៅហ៊ូផលិតពីសណ្តែកសៀង ជាប្រភពប្រូតេអ៊ីនពីរុក្ខជាតិ ហើយតៅហ៊ូប្រភេទខ្លះក៏អាចផ្តល់កាល់ស្យូម ដែលល្អចំពោះឆ្អឹង និងធ្មេញ។ ដើម្បីទទួលបានអត្ថប្រយោជន៍ គួរញ៉ាំក្នុងបរិមាណសមស្រប និងមិនពឹងផ្អែកលើតៅហ៊ូជាអាហារតែមួយមុខ។
គន្លឹះទី១ គួរញ៉ាំតៅហ៊ូជាមួយអាហារចម្រុះ ដូចជា បន្លែ ផ្សិត ធញ្ញជាតិពេញមូល ស៊ុត ត្រី ឬប្រភពប្រូតេអ៊ីនផ្សេងៗ ដើម្បីឱ្យរាងកាយទទួលបានជាតិសរសៃ វីតាមីន សារធាតុរ៉ែ និងសារធាតុចិញ្ចឹមបានគ្រប់គ្រាន់។
គន្លឹះទី២ គួរជ្រើសរើសវិធីចម្អិនដែលមានសុខភាពល្អ ដូចជា ចំហុយ ស្ងោរ ឬចម្អិនជាមួយបន្លែ ជំនួសការបំពងប្រេងច្រើន។ គួរប្រុងប្រយ័ត្នចំពោះទឹកជ្រលក់ដែលមានអំបិល ស្ករ និងខ្លាញ់ខ្ពស់ ព្រោះអាចបង្កើនកាឡូរីនៃម្ហូប។
គន្លឹះទី៣ គួរជ្រើសរើសតៅហ៊ូស្រស់ និងមានប្រភពច្បាស់លាស់។ តៅហ៊ូល្អជាទូទៅមានពណ៌ស ឬលឿងស្រាល ផ្ទៃស្អាត មិនមានស្លេស្ម និងមានក្លិនស្រាលរបស់សណ្តែកសៀង។ ប្រសិនបើមានក្លិនជូរ ក្លិនស្អុយ ឬសភាពខុសធម្មតា គួរជៀសវាងទទួលទាន។
គន្លឹះទី៤ និងទី៥ គឺត្រូវរក្សាទុកតៅហ៊ូឱ្យបានត្រឹមត្រូវ និងគួរចម្អិនឱ្យបានឆាប់។ ប្រសិនបើមិនទាន់ប្រើភ្លាម គួរដាក់ក្នុងធុងស្អាត និងរក្សាទុកក្នុងទូទឹកកក។ មុនញ៉ាំ គួរពិនិត្យពណ៌ ក្លិន ផ្ទៃ និងសភាពសាច់តៅហ៊ូ ដើម្បីធានាសុវត្ថិភាព៕