យោងតាមការចុះផ្សាយពីប្រភពបរទេស ការលាបជែល តក្រចក ឬតុបតែងក្រចក អាចធ្វើឱ្យដៃស្អាត ប៉ុន្តែបើធ្វើញឹកញាប់ពេក ការខាត់ផ្ទៃក្រចក ការដកជែល ឬការកាត់ស្បែកជុំវិញក្រចកខ្លាំងពេក អាចធ្វើឱ្យក្រចកធម្មជាតិខូច ស្តើង និងងាយបាក់។ ដូច្នេះ ក្រចកក៏ត្រូវការពេលសម្រាក និងថែទាំដែរ។
សញ្ញាទី១ គឺ ក្រចកផុយ បាក់ងាយ ឬបែកជាស្រទាប់។ វាអាចកើតពីការខាត់ផ្ទៃក្រចកញឹកញាប់ ឬដកជែលមិនត្រឹមត្រូវ។ មិនគួរបក ឬទាញជែលដែលកំពុងរបកដោយខ្លួនឯងទេ ព្រោះអាចទាញយកស្រទាប់ក្រចកធម្មជាតិចេញជាមួយ។
សញ្ញាទី២ គឺ ក្រចកផ្លាស់ប្តូរពណ៌ខុសធម្មតា ដូចជា លឿង បៃតង ត្នោត ឬខ្មៅ ជាពិសេសប្រសិនបើមិនដឹងមូលហេតុ។ សញ្ញាទី៣ គឺ ក្រចកចាប់ផ្តើមរបើកចេញពីស្បែកខាងក្រោម ដែលអាចបណ្តាលពីការប៉ះទង្គិច ការឆ្លងមេរោគផ្សិត ឬបញ្ហាស្បែកមួយចំនួន ដូច្នេះគួរតែឈប់ធ្វើក្រចក និងពិនិត្យរកមូលហេតុ។
សញ្ញាទី៤ គឺ ស្បែកជុំវិញក្រចកក្រហម ហើម ឈឺ ក្តៅ ឬមានខ្ទុះ។ ការកាត់ស្បែកជុំវិញក្រចកជ្រៅពេក ឬរុញស្បែកខ្លាំង អាចបង្ករបួស និងបង្កើនហានិភ័យឆ្លងមេរោគ។ សញ្ញាទី៥ គឺ ក្រចកស្តើងខុសធម្មតា និងងាយឈឺ ឬរហែក ដែលអាចកើតពីការខាត់ផ្ទៃក្រចក និងការដកជែលមិនត្រឹមត្រូវ។
ដើម្បីថែរក្សាក្រចកឱ្យរឹងមាំ គួរផ្តល់ពេលសម្រាកបន្ទាប់ពីដកជែល ឬក្រចកសិប្បនិម្មិត ជៀសវាងការបកជែលដោយខ្លួនឯង មិនខាត់ក្រចកខ្លាំងពេក និងលាបប្រេង ឬក្រែមផ្តល់សំណើមជាប្រចាំ។ ប្រសិនបើក្រចកមានការប្រែប្រួលខុសធម្មតា ឬមានការឈឺ ហើម និងរលាកដែលមិនធូរ គួរពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញស្បែក៕