យោងតាមការចុះផ្សាយពីប្រភពបរទេស មនុស្សជាច្រើនធ្លាប់ជួបបញ្ហានេះ គឺពេលអង្គុយមើលទូរទស្សន៍លើសាឡុងមិនយូរប៉ុន្មានក៏ងងុយដេក ប៉ុន្តែពេលចូលគ្រែវិញបែរជាភ្ញាក់ និងគេងមិនលក់។ មូលហេតុអាចមកពីសំឡេងទូរទស្សន៍ជួយបង្វែរការគិតច្រើន និងធ្វើឱ្យខួរក្បាលមិនផ្តោតលើការព្យាយាមថា «ត្រូវតែដេក»។
សំឡេងដែលមានភាពស្មើៗ និងកម្មវិធីដែលធ្លាប់ស្គាល់ អាចធ្វើឱ្យមនុស្សមួយចំនួនមានអារម្មណ៍ស្ងប់ និងមានសុវត្ថិភាព ហើយក៏អាចជួយបាំងសំឡេងរំខានពីខាងក្រៅ។ ប៉ុន្តែបើកម្មវិធីមានសាច់រឿងតានតឹង ព័ត៌មាន ឬសំឡេងឡើងចុះខ្លាំង វាអាចធ្វើឱ្យខួរក្បាលនៅតែសកម្ម និងរំខានដល់ការគេង។
មូលហេតុមួយទៀត គឺខួរក្បាលអាចចាប់ផ្តើមភ្ជាប់ «គ្រែ» ជាមួយការព្រួយបារម្ភពីការគេង។ ពេលចូលគ្រែ អ្នកអាចចាប់ផ្តើមគិតថា តើពេលណាទើបដេកលក់? ឬស្អែកត្រូវក្រោកម៉ោងប៉ុន្មាន? ការគិតបែបនេះអាចធ្វើឱ្យរាងកាយកាន់តែភ្ញាក់ ខណៈពេលនៅលើសាឡុង អ្នកមិនមានសម្ពាធថាត្រូវតែដេក។
ទោះបីទូរទស្សន៍អាចធ្វើឱ្យងងុយបានក៏ដោយ ក៏មិនមានន័យថាការគេងនោះមានគុណភាពល្អជានិច្ចទេ។ ពន្លឺពីអេក្រង់ និងសំឡេងដែលផ្លាស់ប្តូរពេញមួយយប់ អាចរំខានដល់បរិយាកាសសម្រាប់ការគេង ហើយអាចធ្វើឱ្យមានការភ្ញាក់ខ្លីៗដោយអ្នកមិនដឹងខ្លួន។
ប្រសិនបើអ្នកចូលចិត្តបើកទូរទស្សន៍មុនដេក គួរកំណត់ Sleep Timer ប្រហែល ២០–៦០នាទី បន្ថយពន្លឺ និងសំឡេង ជ្រើសរើសកម្មវិធីស្ងប់ៗ និងជៀសវាងព័ត៌មាន ឬភាពយន្តដែលរំភើបខ្លាំង។ ប្រសិនបើត្រូវការសំឡេងផ្ទៃខាងក្រោយ អាចសាកល្បងសំឡេងភ្លៀង សំឡេងកង្ហារ ឬសំឡេងធម្មជាតិដែលមានកម្រិតស្មើៗគ្នា ដើម្បីជួយឱ្យការគេងមានបរិយាកាសល្អជាងមុន៕