យោងតាមការចុះផ្សាយពីប្រភពបរទេស ការចាប់ផ្តើមអាហារដោយញ៉ាំបន្លែ មុនពេលញ៉ាំបាយ អាចផ្តល់អត្ថប្រយោជន៍មួយចំនួនដល់សុខភាព ជាពិសេសដោយសារបន្លែសម្បូរជាតិសរសៃ។
ការញ៉ាំបន្លែមុនបាយអាចជួយឱ្យការរំលាយ និងស្រូបយកកាបូអ៊ីដ្រាតយឺតជាងមុន ដូច្នេះជាតិស្ករក្នុងឈាមក្រោយពេលញ៉ាំអាហារ អាចកើនឡើងយឺតជាងការញ៉ាំបាយមុន។
ជាតិសរសៃក្នុងបន្លែក៏ជួយឱ្យឆ្អែតបានយូរ អាចធ្វើឱ្យយើងញ៉ាំបាយតិច និងជួយគ្រប់គ្រងទម្ងន់។ លើសពីនេះ វាក៏ល្អសម្រាប់ប្រព័ន្ធរំលាយអាហារ និងជួយបង្កើនការទទួលទានជាតិសរសៃប្រចាំថ្ងៃ។
អ្នកអាចអនុវត្តដោយងាយ ដោយញ៉ាំ បន្លែ → សាច់ ត្រី ឬស៊ុត → បាយ ហើយគួរជ្រើសរើសបន្លែដែលមានជាតិស្ករ និងម្សៅតិច ដូចជា បន្លែស្លឹកបៃតង ត្រសក់ ប្រូខូលី ស្ពៃក្តោប និងប៉េងប៉ោះ។
សំខាន់៖ ញ៉ាំបន្លែមុនបាយមិនមែនជាវិធីព្យាបាលជំងឺទឹកនោមផ្អែម ឬធានាថានឹងស្រកទម្ងន់ទេ។ អ្វីដែលសំខាន់នៅតែជាបរិមាណអាហារសរុប និងរបបអាហារដែលមានតុល្យភាព៕