យោងតាមការចុះផ្សាយពីប្រភពបរទេស ការរក្សាសុខភាពផ្លូវភេទរបស់បុរស មិនអាស្រ័យលើអាយុ ឬថ្នាំតែមួយមុខទេ។ ទម្លាប់រស់នៅប្រចាំថ្ងៃ ដូចជា ការហាត់ប្រាណ អាហារ ទម្ងន់ និងសុខភាពសរសៃឈាម ក៏អាចមានឥទ្ធិពលលើសមត្ថភាពផ្លូវភេទផងដែរ។
ការធ្វើចលនាជាប្រចាំ ដូចជា ដើរ លេងកីឡា ឬហាត់ប្រាណតាមសមត្ថភាព អាចជួយគាំទ្រសុខភាពបេះដូង និងសរសៃឈាម ដែលមានសារៈសំខាន់ចំពោះមុខងារផ្លូវភេទ។ ជាមួយគ្នានេះ គួរញ៉ាំបន្លែ ផ្លែឈើ ត្រី និងធញ្ញជាតិពេញមូល ហើយកាត់បន្ថយសាច់កែច្នៃ និងអាហារចម្រាញ់ខ្លាំង។
គួរត្រួតពិនិត្យសម្ពាធឈាម ជាតិស្ករក្នុងឈាម និងកម្រិតកូឡេស្តេរ៉ុលជាប្រចាំ ព្រោះបញ្ហាសរសៃឈាមអាចពាក់ព័ន្ធនឹងបញ្ហាលិង្គមិនរឹង។ ការរក្សាទម្ងន់ និងជាពិសេសរង្វង់ចង្កេះឱ្យសមរម្យ ក៏អាចជួយកាត់បន្ថយកត្តាហានិភ័យដែលពាក់ព័ន្ធនឹងជំងឺទឹកនោមផ្អែម និងជំងឺសរសៃឈាម។
អ្វីដែលមនុស្សជាច្រើនមិននឹកស្មាន គឺ សុខភាពមាត់ធ្មេញ។ ការរក្សាអនាម័យមាត់ធ្មេញ និងពិនិត្យសុខភាពអញ្ចាញធ្មេញជាប្រចាំ គឺជាផ្នែកមួយនៃការថែរក្សាសុខភាពទូទៅ ព្រោះជំងឺអញ្ចាញធ្មេញមានទំនាក់ទំនងជាមួយការរលាកក្នុងរាងកាយ និងសុខភាពសរសៃឈាម។
សរុបមក បុរសដែលចង់ថែរក្សាសុខភាពផ្លូវភេទ គួរផ្តោតលើការហាត់ប្រាណជាប្រចាំ ញ៉ាំអាហារមានតុល្យភាព ត្រួតពិនិត្យសុខភាពសរសៃឈាម រក្សាទម្ងន់សមរម្យ និងថែរក្សាមាត់ធ្មេញ។ ប្រសិនបើមានបញ្ហាលិង្គមិនរឹង ឬចំណង់ផ្លូវភេទថយចុះជាបន្តបន្ទាប់ គួរពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីស្វែងរកមូលហេតុឱ្យបានត្រឹមត្រូវ៕