យោងតាមការចុះផ្សាយពីប្រភពបរទេស មនុស្សមួយចំនួនផឹកកាហ្វេមិនទាន់អស់ផង ក៏មានអារម្មណ៍ថាពោះវៀនចាប់ផ្តើមធ្វើការ និងចង់ចូលបង្គន់ភ្លាមៗ។ មូលហេតុមួយគឺ កាហ្វេអាចជំរុញការបញ្ចេញអ័រម៉ូនដែលជួយជំរុញចលនារបស់ក្រពះ និងពោះវៀនធំ ធ្វើឱ្យលាមកផ្លាស់ទីលឿនជាងធម្មតា។
ម្យ៉ាងទៀត កាហ្វេអ៊ីន ក៏អាចជំរុញប្រព័ន្ធប្រសាទ និងសាច់ដុំរលោងក្នុងប្រព័ន្ធរំលាយអាហារ ដែលធ្វើឱ្យពោះវៀនកន្ត្រាក់ និងបញ្ចេញលាមកបានលឿន។ ដូច្នេះ អារម្មណ៍ចង់ចូលបង្គន់ក្រោយផឹកកាហ្វេ មិនមែនមានន័យថាកាហ្វេមានថ្នាំបញ្ចុះលាមកលាយឡំទេ ប៉ុន្តែជាប្រតិកម្មរបស់រាងកាយចំពោះសារធាតុក្នុងកាហ្វេ។
ប្រសិនបើអ្នកផឹកកាហ្វេជាមួយ ទឹកដោះគោ ហើយមានឈឺពោះ ហើមពោះ ឬរាក មូលហេតុអាចមកពីរាងកាយរំលាយជាតិឡាក់តូសមិនបានល្អ។ ចំណែកកាហ្វេដែលប្រើសារធាតុផ្អែមជំនួសស្ករមួយចំនួនក៏អាចទាញទឹកចូលពោះវៀន និងបង្កឱ្យលាមករាវបានដែរ។
សម្រាប់អ្នកដែលងាយឈឺពោះក្រោយផឹកកាហ្វេ អាចសាកផឹកក្រោយទទួលទានអាហាររួច ជ្រើសរើសកាហ្វេមិនផ្អែម ឬប្តូរប្រភេទទឹកដោះគោ ដើម្បីសង្កេតមើលថាតើរោគសញ្ញាថយចុះឬអត់។ គួរជៀសវាងការផឹកកាហ្វេច្រើនពេក ព្រោះកាហ្វេអ៊ីនក៏អាចបង្ករោគសញ្ញាផ្សេងៗ ដូចជា បេះដូងដើរលឿន ឬរំខានដល់ការគេង។
ជាទូទៅ ការចង់ចូលបង្គន់ក្រោយផឹកកាហ្វេ អាចជាប្រតិកម្មធម្មតារបស់ប្រព័ន្ធរំលាយអាហារ។ ប៉ុន្តែប្រសិនបើមានឈឺពោះខ្លាំង រាកជាញឹកញាប់ មានឈាមក្នុងលាមក ឬរោគសញ្ញាបន្តកើតឡើង ទោះមិនផឹកកាហ្វេ ក៏គួរទៅពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីស្វែងរកមូលហេតុពិត៕