យោងតាមការចុះផ្សាយពីប្រភពបរទេស ការភ្ញាក់ពីដំណេកពាក់កណ្តាលយប់ដោយសារឃ្លាន អាចធ្វើឱ្យមនុស្សជាច្រើនងាយរកអាហារក្តៅៗ និងមានរសជាតិខ្លាំង ដូចជា មីគោ ឬមីកញ្ចប់ ដើម្បីបំពេញពោះ។ ប៉ុន្តែការញ៉ាំអាហារបរិមាណច្រើននៅពេលយប់ ជាពិសេសអាហារដែលមានខ្លាញ់ និងអំបិលខ្ពស់ អាចធ្វើឱ្យប្រព័ន្ធរំលាយអាហារត្រូវធ្វើការឡើងវិញ ខណៈពេលដែលរាងកាយកំពុងស្ថិតក្នុងដំណាក់កាលសម្រាក។
មីគោ និងមីកញ្ចប់ជាច្រើនប្រភេទ អាចមានទាំងខ្លាញ់ អំបិល និងកាឡូរីខ្ពស់។ ប្រសិនបើញ៉ាំហើយចូលគេងភ្លាម អាចបង្កអារម្មណ៍ពោះពេញ ពិបាករំលាយអាហារ ឬបង្កឱ្យអាស៊ីតក្រពះច្រាលឡើង។ ដូច្នេះ ការញ៉ាំអាហារពេលយប់ជាប្រចាំ ជាពិសេសក្នុងបរិមាណច្រើន មិនមែនជាជម្រើសល្អសម្រាប់ក្រពះឡើយ។
អាហារប្រៃខ្លាំងក៏អាចរំខានដល់ដំណេកផងដែរ។ ការទទួលជាតិសូដ្យូមច្រើនអាចធ្វើឱ្យស្រេកទឹក ហើយនាំឱ្យផឹកទឹកកាន់តែច្រើន ដែលអាចបង្កើនការចង់បត់ជើងតូចនៅពេលយប់។ ប្រសិនបើទម្លាប់នេះកើតឡើងញឹកញាប់ វាអាចធ្វើឱ្យការគេងត្រូវបានរំខានជាបន្តបន្ទាប់ និងបង្កើនបន្ទុកលើតម្រងនោម។
បើឃ្លានខ្លាំងរហូតមិនអាចគេងបាន គួរជ្រើសអាហារស្រាលៗ និងញ៉ាំត្រឹមបរិមាណតិច ដូចជា ផ្លែប៉ោម ផ្លែត្របែក នំស្រួយបន្តិច ឬអាហារងាយរំលាយដែលមានជាតិប្រៃ និងខ្លាញ់ទាប។ គួរជៀសវាងមីកញ្ចប់ អាហារចៀន និងអាហារដែលមានរសជាតិប្រៃ ឬហឹរខ្លាំង ហើយកុំធ្វើឱ្យអាហារសម្រន់ពេលយប់ក្លាយជាអាហារពេញមួយពេល។
ការឃ្លានពាក់កណ្តាលយប់ម្តងម្កាល មិនចាំបាច់បារម្ភខ្លាំងទេ ប៉ុន្តែប្រសិនបើភ្ញាក់ពីដំណេកដោយសារឃ្លានជាញឹកញាប់ គួរពិនិត្យមើលទម្លាប់ញ៉ាំអាហារពេលថ្ងៃ ពេលវេលាញ៉ាំអាហារពេលល្ងាច កម្រិតសកម្មភាពរាងកាយ និងការគេង។ សម្រាប់អ្នកដែលត្រូវការញ៉ាំមុនចូលគេង អាហារមួយចំណែកតូច ងាយរំលាយ និងមានជាតិប្រៃទាប គឺជាជម្រើសល្អជាងអាហារមួយចានធំដែលមានខ្លាញ់ និងអំបិលច្រើន៕