យោងតាមការចុះផ្សាយពីប្រភពបរទេស ជំងឺដាច់សរសៃឈាមខួរក្បាលអាចកើតឡើងភ្លាមៗ ហើយទម្លាប់រស់នៅមួយចំនួនអាចបង្កើនកត្តាហានិភ័យ ជាពិសេសចំពោះអ្នកមានជំងឺលើសឈាម ទឹកនោមផ្អែម ជំងឺបេះដូង ឬខ្លាញ់ក្នុងឈាមខ្ពស់។
ផឹកស្រា និងស្រាបៀរច្រើន អាចធ្វើឱ្យសម្ពាធឈាមកើន បណ្តាលឱ្យខ្វះជាតិទឹក និងរំខានចង្វាក់បេះដូង។ ក្នុងករណីខ្លះ វាអាចបង្កើនការកកើតកំណកឈាម ដែលអាចធ្វើដំណើរទៅស្ទះសរសៃឈាមខួរក្បាល។ លើសពីនេះ រោគសញ្ញាដាច់សរសៃឈាមខួរក្បាលអាចត្រូវបានច្រឡំថាជាអាការៈស្រវឹង ដូច្នេះអាចធ្វើឱ្យការទទួលការព្យាបាលយឺតយ៉ាវ។
ចូលគេងយប់ជ្រៅ និងញ៉ាំអាហារមិនទៀងទាត់ ប្រសិនបើកើតឡើងជាប្រចាំ អាចរំខានដល់សម្ពាធឈាម ចង្វាក់បេះដូង និងការរំលាយអាហារ។ ការញ៉ាំអាហារប្រៃ អាហារបំពង សាច់កែច្នៃ និងអាហារកាឡូរីខ្ពស់ជាញឹកញាប់ ក៏អាចប៉ះពាល់ដល់ទម្ងន់ ជាតិស្ករ និងខ្លាញ់ក្នុងឈាម ដែលជាកត្តាហានិភ័យសម្រាប់ជំងឺបេះដូង និងខួរក្បាល។
ឈប់ ឬភ្លេចលេបថ្នាំដោយខ្លួនឯង ជាពិសេសថ្នាំព្យាបាលជំងឺរ៉ាំរ៉ៃ អាចធ្វើឱ្យជំងឺមូលដ្ឋានមិនអាចគ្រប់គ្រងបានល្អ និងបង្កើនហានិភ័យនៃបញ្ហាសរសៃឈាម។ អ្នកកំពុងព្យាបាលជំងឺរ៉ាំរ៉ៃគួរលេបថ្នាំតាមការណែនាំរបស់គ្រូពេទ្យ និងមិនគួរប្តូរដូស ឬឈប់ថ្នាំដោយខ្លួនឯង។
ដើម្បីកាត់បន្ថយហានិភ័យ គួរគេង និងភ្ញាក់ឱ្យបានទៀងទាត់ ផឹកទឹកគ្រប់គ្រាន់ មិនរំលងអាហារ កាត់បន្ថយស្រា និងជ្រើសរើសអាហារសម្បូរបន្លែ និងមានជាតិប្រៃទាប។ អ្នកមានជំងឺលើសឈាម ទឹកនោមផ្អែម ជំងឺបេះដូង ឬធ្លាប់មានជំងឺដាច់សរសៃឈាមខួរក្បាល គួរតាមដាន និងគ្រប់គ្រងកត្តាហានិភ័យជាប្រចាំ។
សំខាន់បំផុត ប្រសិនបើមានអាការៈដូចជា មាត់វៀច ដៃជើងខ្សោយឬស្ពឹកម្ខាង និយាយមិនច្បាស់ មើលមិនច្បាស់ បាត់បង់លំនឹង ឬរោគសញ្ញាខួរក្បាលកើតឡើងភ្លាមៗ ត្រូវបញ្ជូនទៅមន្ទីរពេទ្យឱ្យបានឆាប់បំផុត។ មិនគួររង់ចាំឱ្យអាការៈបាត់ដោយខ្លួនឯង ឬព្យាបាលតាមវិធីបុរាណនៅផ្ទះឡើយ ព្រោះការព្យាបាលទាន់ពេលអាចមានសារៈសំខាន់ខ្លាំងចំពោះការរស់រាន និងការកាត់បន្ថយការខូចខាតខួរក្បាល៕