យោងតាមការចុះផ្សាយពីប្រភពបរទេស ការរត់ជាកីឡាដែលងាយស្រួលអនុវត្ត និងមានអត្ថប្រយោជន៍ច្រើនចំពោះសុខភាព ប៉ុន្តែមានការយល់ច្រឡំមួយចំនួនដែលអ្នករត់គួរដឹង។
១. រត់ច្រើនធ្វើឱ្យខូចជង្គង់
ការសិក្សាបង្ហាញថា ការរត់មិនមែនជាមូលហេតុផ្ទាល់ដែលធ្វើឱ្យកើតជំងឺសន្លាក់ជង្គង់ទេ។ ការរត់ត្រឹមត្រូវអាចជួយពង្រឹងសាច់ដុំ និងសរសៃពួរជុំវិញជង្គង់បានផងដែរ។
២. រត់មិនចាំបាច់រៀនបច្ចេកទេស
បើរត់ចម្ងាយខ្លី អាចមិនស្មុគស្មាញ ប៉ុន្តែការរត់ចម្ងាយ ១០ គីឡូម៉ែត្រឡើងទៅ គួរយល់ដឹងពីការជ្រើសស្បែកជើង អាហារ ការហាត់ប្រាណ និងការសម្រាកឱ្យបានត្រឹមត្រូវ។
៣. រត់កាន់តែច្រើន កាន់តែល្អ
ការហាត់ប្រាណច្រើនហួសកម្រិតដោយគ្មានផែនការត្រឹមត្រូវ អាចបង្កផលប៉ះពាល់ដល់រាងកាយ។ គួររៀបចំថ្ងៃហាត់ និងថ្ងៃសម្រាកឱ្យសមស្រប ជាពិសេសអ្នកត្រៀមរត់ចម្ងាយឆ្ងាយ។
៤. រត់ម៉ារ៉ាតុងមានហានិភ័យស្លាប់ភ្លាមៗខ្ពស់
ហានិភ័យនេះមាន ប៉ុន្តែត្រូវបានចាត់ទុកថាកម្រណាស់។ អ្នកចូលរួមរត់ចម្ងាយឆ្ងាយគួរពិនិត្យសុខភាពបេះដូងជាមុន និងហាត់ប្រាណតាមផែនការ។
៥. មនុស្សចាស់មិនគួររត់ខ្លាំង
មនុស្សវ័យចំណាស់ក៏អាចហាត់រត់បាន ប្រសិនបើសុខភាពអនុញ្ញាត និងបង្កើនកម្រិតហាត់ប្រាណបន្តិចម្តងៗ។ គួរផ្តោតលើការហាត់កម្រិតស្រាលទៅមធ្យមជាចម្បង និងមានថ្ងៃសម្រាកគ្រប់គ្រាន់។
សរុបមក៖ ការរត់មានប្រយោជន៍ ប្រសិនបើអនុវត្តត្រឹមត្រូវ និងសមស្របនឹងសមត្ថភាពរាងកាយ។ កុំបង្ខំខ្លួនរត់ច្រើនពេក ហើយគួរផ្តល់ពេលឱ្យរាងកាយសម្រាក និងស្តារខ្លួន៕