យោងតាមការចុះផ្សាយពីប្រភពបរទេស ការញ៉ាំអាហាររួចចូលគេងភ្លាមៗ ជាពិសេសនៅពេលយប់ អាចបង្កផលប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ។ ពេលគេងរាបភ្លាមៗ កម្លាំងទំនាញមិនអាចជួយឱ្យអាហារចុះទៅក្រពះបានល្អ ហើយអាស៊ីតក្រពះអាចហូរឡើងទៅបំពង់អាហារ បង្កអាការៈ ក្រហាយទ្រូង ចង្អោរ ឬជូរមាត់ ដែលជារោគសញ្ញានៃអាស៊ីតក្រពះឡើង។
ក្រៅពីនេះ ការគេងភ្លាមៗក្រោយញ៉ាំអាហារ អាចធ្វើឱ្យការរំលាយអាហារមិនស្រួល បង្ក ហើមពោះ ពោះពេញ និងមិនស្រួលក្នុងពោះ ដែលអាចរំខានដល់គុណភាពនៃការគេង។
បើធ្វើជាទម្លាប់ ជាពិសេសការញ៉ាំអាហារពេលយប់ក្នុងបរិមាណច្រើន និងមានកាឡូរីខ្ពស់ វាក៏អាចធ្វើឱ្យទទួលបានកាឡូរីលើស និងបង្កការឡើងទម្ងន់បាន។
ដើម្បីកាត់បន្ថយបញ្ហាទាំងនេះ គួរ ទុកចន្លោះយ៉ាងហោចណាស់ ២–៣ ម៉ោង រវាងពេលញ៉ាំអាហារពេលល្ងាច និងពេលចូលគេង។ ប្រសិនបើឃ្លានពេលយប់ គួរជ្រើសរើសអាហារបរិមាណតិច និងងាយរំលាយ ហើយជៀសវាងអាហារខ្លាញ់ច្រើន អាហារហឹរ និងអាហារធ្ងន់ៗមុនចូលគេង។
សរុបមក៖ កុំញ៉ាំហើយគេងភ្លាមៗ។ ការផ្តល់ពេលឱ្យក្រពះរំលាយអាហារមុនចូលគេង អាចជួយកាត់បន្ថយអាស៊ីតក្រពះឡើង និងធ្វើឱ្យការគេងមានផាសុកភាពជាងមុន៕