យោងតាមការចុះផ្សាយពីប្រភពបរទេស ការទុកអាហារសល់ក្នុងទូទឹកកកអាចជួយរក្សាអាហារបានមួយរយៈ ប៉ុន្តែ មិនមានន័យថាអាហារនឹងសុវត្ថិភាពរហូតទេ។ ប្រសិនបើរក្សាទុកមិនត្រឹមត្រូវ ឬទុកយូរពេក អាចបង្កើនហានិភ័យនៃការរីកលូតលាស់របស់មេរោគ និងបញ្ហាផ្លូវរំលាយអាហារ។
អាហារ ៤ ប្រភេទដែលគួរយកចិត្តទុកដាក់មាន៖
១. បន្លែបៃតងដែលចម្អិនរួច
គួរចម្អិនតាមបរិមាណដែលអាចញ៉ាំអស់ក្នុងមួយពេល។ ប្រសិនបើទុកយូរ ឬរក្សាទុកមិនត្រឹមត្រូវ គុណភាពអាហារអាចធ្លាក់ចុះ និងអាចមានការរីកលូតលាស់របស់មេរោគ។
២. ដំឡូងបារាំងដែលចម្អិនរួច
គួររក្សាទុកឱ្យបានត្រឹមត្រូវ និងកុំទុកយូរពេក។ ជាពិសេស ដំឡូងដែលមានពន្លក ឬមានពណ៌បៃតង គួរជៀសវាង ព្រោះអាចមានសារធាតុ solanine ខ្ពស់។
៣. សាលាដ និងបន្លែឆៅ
អាហារប្រភេទនេះមិនបានចម្អិនដោយកម្ដៅខ្ពស់ ដូច្នេះប្រសិនបើរៀបចំ ឬរក្សាទុកមិនស្អាត អាចមានបាក់តេរីបង្កជំងឺ។ គួររក្សាទុកក្នុងទូទឹកកក និងញ៉ាំឱ្យបានឆាប់។
៤. ត្រី និងគ្រឿងសមុទ្រដែលចម្អិនរួច
គួរដាក់ទូទឹកកកឱ្យបានឆាប់បន្ទាប់ពីញ៉ាំរួច និងមិនគួរទុកយូរ។ ប្រសិនបើមានក្លិន ឬរូបរាងប្រែប្រួល គួរបោះចោលជំនួសការយកមកញ៉ាំឡើងវិញ។
ជាទូទៅ ទូទឹកកកមិនអាចធានាថាអាហារនឹងសុវត្ថិភាពជារៀងរហូតទេ។ គួររក្សាអាហារក្នុងធុងបិទជិត ដាក់ទូទឹកកកឱ្យបានឆាប់ និងជៀសវាងការទុកអាហារសល់យូរពេក។ ការរក្សាអនាម័យ និងវិធីរក្សាទុកអាហារឱ្យបានត្រឹមត្រូវ គឺសំខាន់ជាងការភ័យខ្លាចថា អាហារទុកក្នុងទូទឹកកកនឹងបង្កមហារីកដោយផ្ទាល់។